ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំអធិការខណ្ឌទាំង១៤ ចុះពិនិត្យការរស់នៅប្រមូលផ្តុំរបស់ជនបរទេស
ភ្នំពេញ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បាន ណែនាំទៅដល់អធិការខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ត្រូវចុះពិនិត្យតាមដានជាប់ជានិច្ចចំពោះការរស់នៅប្រមូលផ្តុំរបស់ជនបរទេសខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផលកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំឱ្យមានការគ្រប់គ្រង និងពង្រឹងការត្រួតពិនិត្យកម្លាំងនៅតាមអង្គភាពនីមួយៗឱ្យបានម៉ឺងម៉ាត់ និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
ជាពិសេសឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំលោកអធិការនគរបាលខណ្ឌទាំង១៤ បន្តយកចិត្តទុកដាក់រៀបចំផែនការ និងទិសដៅ សហការជាមួយរដ្ឋបាលខណ្ឌ ក្នុងការចុះត្រួតពិនិត្យកន្លែងធ្វើការនិងស្នាក់នៅ ប្រមូលផ្តុំរបស់ជនបរទេសខុសច្បាប់ដែលលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
បន្ថែមពីលើនេះទៀត ស្នងការរាជធានីភ្នំពេញ ក៏បានណែនាំបន្តចុះល្បាតត្រួតពិនិត្យដើម្បីបង្ការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសស្រាវជ្រាវតាមដានក្នុងមូលដ្ឋាន គ្រប់គ្រងជនបរទេស និងបោសសម្អាត Online Scams ដែលលួចលាក់នៅតាមមូលដ្ឋានដោយភាពទទួលខុសត្រូវខ្ពស់បំផុត ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ សង្កត់ធ្ងន់ថា បើមិនធ្វើឫគប់គិត នឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាដាច់ខាត៕










ប្រភព៖ វិទ្យុជាតិកម្ពុជា