សម្តេចធិបតី ច្រានចោលការលើកឡើងរបស់ប្រជាពលរដ្ឋថៃមួយចំនួន បានចូលមកសរសេរបញ្ចេញមតិថា សម្តេចបានទៅរៀននៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point តាមរយៈកូតារបស់កងទ័ពថៃ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានច្រានចោលការលើកឡើងរបស់ប្រជាពលរដ្ឋថៃមួយចំនួន បានចូលមកសរសេរបញ្ចេញមតិថា សម្តេចបានទៅរៀននៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point តាមរយៈកូតារបស់កងទ័ពថៃ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់តាមបណ្តាញសង្គមការងារផ្លូវការ នាព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៦នេះថា «ម្សិលមិញខ្ញុំបានបង្ហោះសារមួយពាក់ព័ន្ធនឹងការបញ្ចប់ការសិក្សារបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point កាលពី ២៧ឆ្នាំមុន (២៩ ឧសភា ១៩៩៩)។
មានប្រជាពលរដ្ឋថៃមួយចំនួនបានចូលមកសរសេរបញ្ចេញមតិថា ខ្ញុំបានទៅរៀននៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point តាមរយៈកូតារបស់កងទ័ពថៃ។ មានការបញ្ចេញមតិបែបនេះ ជាច្រើនលើករួចមកហើយ ដែលខ្ញុំមិនដែលឆ្លើយតប ដោយសារមិនចង់យកបញ្ហានេះមកបកស្រាយនាំអោយវែងឆ្ងាយដោយមិនចាំបាច់។ ពេលនេះ ខ្ញុំសូមបញ្ជាក់បន្តិចដើម្បីបបញ្ចប់ការយល់ខុសនេះតទៅទៀត។ ជាចម្លើយខ្លី គឺខ្ញុំមិនបានទៅរៀននៅសាលា West Point ដោយប្រើកូតារបស់កងទ័ពថៃនោះទេ។ ហេតុផលគឺសាមញ្ញបំផុត÷
១. សហរដ្ឋអាមេរិកជាប្រទេសមហាអំណាច និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់អាហារូបករណ៍ទៅប្រទេសណាក៏បាន ដោយមិនចាំបាច់យកកូតាពីប្រទេសមួយ(ថៃ) ទៅអោយបេក្ខជនពីប្រទេសផ្សេងមួយទៀត(កម្ពុជា)ទេ។
២. ប្រទេសដែលទទួលបានកូតា សម្រាប់បញ្ជូនសិក្ខាកាមទៅ West Point មិនមានសិទ្ធិផ្ទេរកូតារបស់ខ្លួនទៅឲ្យប្រទេសផ្សេងទេ។ សហរដ្ឋអាមេរិកជាអ្នកកំណត់ប្រទេសណាត្រូវទទួលបាន ហើយត្រូវទទួលបានចំនួនប៉ុន្មានកន្លែង សម្រាប់ឆ្នាំនីមួយៗ។
៣. សញ្ញាបត្ររបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point គឺបញ្ជាក់ច្បាស់ថា ជានិស្សិតយោធាពីកម្ពុជា មិនមែនពីប្រទេសណាផ្សេងទេ។
៤. លក្ខខណ្ឌតម្រូវចាំបាច់សម្រាប់បេក្ខជននិស្សិតនាយទាហានបរទេសទៅរៀននៅសាលាបណ្ឌិតសភាយោធាអាមេរិក West Point គឺត្រូវទទួលបានការធានា (nomination) ពីក្រសួងការពារជាតិនៃប្រទេសរបស់ខ្លួន និងការគាំទ្រ (endorsement) ពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសនោះ។
បើសិនជាខ្ញុំប្រើប្រាស់កូតារបស់យោធាថៃដើម្បីទៅរៀននោះ ប្រាកដជាខ្ញុំត្រូវបានទទួលការធានាពីក្រសួងការពារជាតិថៃ និងការគាំទ្រពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅថៃហើយ។
សម្រាប់រូបខ្ញុំ គឺនៅឆ្នាំ១៩៩៥ បានទទួលការធានាពីក្រសួងការពារជាតិកម្ពុជា និងការគាំទ្រពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា (មិនមែនបានពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅថៃទេ)។ ដូច្នេះបញ្ជាក់ច្បាស់ថាកូតាដែលខ្ញុំបានទៅរៀននៅ West Point គឺជាកូតាដែលសហរដ្ឋអាមេរិកផ្ដល់មកឲ្យកម្ពុជាមិនមែនឲ្យទៅថៃដូចការលើកឡើងនោះទេ។
បើអ្នកណាចង់បញ្ជាក់ថាតើវាជាការពិតឬមិនពិតនោះ គឺងាយស្រួលបំផុត ដោយអ្នកអាចសុំការបញ្ជាក់ពីក្រសួងការពារជាតិថៃ ឬស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅថៃ ថាធ្លាប់បានធ្វើការធានា ឬផ្តល់ការគាំទ្រដល់បេក្ខជនពីកម្ពុជា ដើម្បីទៅរៀនជំនួសបេក្ខជនថៃនៅសាលា West Point ឬទេ? អ្នកក៏អាចស្វែងរកការបញ្ជាក់ផ្ទាល់ពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point តែម្ដងក៏បានលើករណីនេះ។ ខ្ញុំជឿជាក់ថាច្បាស់ថា គឺគ្មានករណីនេះទេ។
៥. ខ្ញុំសង្ឃឹមថាការបញ្ជាក់នេះ នឹងបញ្ចប់នូវការយល់ខុសថាខ្ញុំបានទៅរៀនសាលា West Point ដោយប្រើប្រាស់កូតារបស់កងទ័ពថៃ ដែលមិនមែនជាការពិត»៕



ប្រភព៖ ក្រសួងព័ត៌មាន