រយៈពេល ២០ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកម្លាំងទៅចូលរួមក្នុងបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិសរុបចំនួន ១០,៧២៣នាក់
(រាជធានីភ្នំពេញ)៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងនៅរសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ រយៈពេល ២០ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកម្លាំងទៅចូលរួមក្នុងបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិសរុបចំនួន ១០,៧២៣នាក់។

ក្នុងរយៈពេល២០ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកម្លាំងចូលរួមក្នុងបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ សរុបចំនួន ១០,៧២៣នាក់ ក្នុងនោះមានស្ត្រីចំនួន ១,០៥២នាក់ ទៅចូលរួមក្នុងបណ្តាបេសកកម្ម ចំនួន១២ ក្នុង១០ប្រទេស មានជាអាទិ៍៖ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីរី សាយប្រឹស ម៉ាលី យេមែន និងសាធារណរដ្ឋកុងហ្គោ។ នេះបើតាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឱ្យដឹងផងដែរថា ជាអកុសល ចាប់តាំងពីឆ្នាំ ២០១៤ មកទល់នឹងបច្ចុប្បន្ន កម្លាំងកម្ពុជាមួកខៀវចំនួន១៤រូបបានពលី និង១៩រូបរងរបួសជាបន្តបន្ទាប់ ដោយកត្តាហានិភ័យថ្មីៗ ដែលកងរក្សាសន្តិភាពកំពុងប្រឈមរួមមាន៖ ការវាយប្រហារដោយគ្រឿងផ្ទុះកែច្នៃ (IED) ជម្លោះរវាងក្រុមប្រដាប់អាវុធមិនមែនរដ្ឋ ជំងឺឆ្លងនៅតំបន់បេសកកម្ម ការប្រែប្រួលអាកាសធាតុ និងស្ថានការណ៍សន្តិសុខដែលមិនអាចប៉ាន់ស្មានបាន។ តែទោះបីជាមានហានិភ័យខ្ពស់ក៏ដោយក៏កងកម្លាំងរក្សាសន្តិភាពកម្ពុជានៅតែបន្តបំពេញបេសកកម្មដោយភាពក្លាហាន និងមិនរាថយឡើយ។
បច្ចុប្បន្ន កម្លាំងកម្ពុជាចំនួន៤៧១នាក់ ក្នុងនោះនារីចំនួន៨៤នាក់ កំពុងបំពេញបេសកកម្មដោយមិនខ្លាចនឿយហត់ក្រោមសីតុណ្ហភាពក្តៅ នៅតំបន់អាហ្វ្រិក និងត្រជាក់រហូតដល់ក្រោមសូន្យអង្សារ នៅមជ្ឈិមបូព៌ា និងមានការប្រឈម ដូចជា ជម្លោះសាសនានៅអាហ្វ្រិកកណ្តាល ការកាប់សម្លាប់រវាងក្រុម កុលសម្ព័ន្ធនៅប្រទេសស៊ូដង់ខាងត្បូង និងការវាយប្រហារនៅតាមព្រំប្រទល់នៃប្រទេសលីបង់ក៏ដោយ ក៏កម្លាំងកម្ពុជាមិនរាថយ ក្នុងការចូលរួមជាមួយបណ្តាប្រទេសបរិច្ចាគកងកម្លាំងស្វែងរកសុខសន្តិភាពជូន ប្រទេសដែលរងគ្រោះដោយជម្លោះ ព្រមទាំងនាំយកនូវកិត្តិយសជាបន្តបន្ទាប់មកជូនជាតិមាតុភូមិ រីឯទង់ជាតិកម្ពុជាក៏បន្តបង្ហូតយ៉ាងខ្ពស់ត្រដែតស្នើសិទ្ធិ ស្មើភាព ទាំងនៅទីបញ្ជាការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក និងបណ្តាបេសកកម្មដែលមានវត្តមានរបស់កងទ័ពមួកខៀវកម្ពុជា។
មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានចាត់ទុកសមិទ្ធផលខាងលើនេះ គឺស្តែងចេញពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចធិបតី បានថ្លែងក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ ដោយបានលើកឡើងថា “កម្ពុជាបន្តបរិច្ចាគដល់ស្ថិរភាព សន្តិសុខ សន្តិភាពពិភពលោក ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសម្រាប់គ្រប់មនុស្សជាតិ” ខណៈរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានថ្លែងនាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីការរក្សាសន្តិភាពនៅរដ្ឋធានី Accra ប្រទេស Ghana ដោយបានលើកឡើងថា “ទោះក្នុងកាលៈទេសៈណាក៏ដោយកម្ពុជាផ្តល់តម្លៃខ្ពស់ដល់សន្តិភាព និងមិនគាំទ្រសង្គ្រាមឡើយ”៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា