អត្រាធ្លាក់ចុះនៃមរណភាពរបស់មាតា កុមារអាយុក្រោម៥ឆ្នាំ និងអត្រាមរណភាពទារក ជាការពន្លឿនវឌ្ឍនភាពបន្ថែមទៀត ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០
រាជរដ្ឋាភិបាល បាន និងកំពុងផ្តល់អាទិភាពខ្ពស់លើការពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែរឹងមាំ តាមរយៈការលើកកម្ពស់សុខភាពបន្តពូជ ការផ្តល់អាហារូបត្ថម្ភដល់កុមារ និងការកាត់បន្ថយមរណភាព មាតា ទារក និងកុមារ។

ក្នុងសារលិខិតខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភលោក ប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានគូសរំលេចថា ជាលទ្ធផលខាងលើ អត្រាមរណភាពរបស់មាតា កុមារអាយុក្រោម៥ឆ្នាំ និងអត្រាមរណភាព ទារក បានការថយចុះគួរឱ្យកត់សម្គាល់ ដែលនេះគឺជាការពន្លឿនវឌ្ឍនភាពបន្ថែមទៀត ឆ្ពោះទៅសម្រេចគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០។
ក្នុងសារលិខិតដដែលនោះ សម្តេចធិបតី បានបន្ថែមថា ចំពោះវិស័យអប់រំ រាជរដ្ឋាភិបាល បានបង្កើនការចូលរៀនប្រកប ដោយសមធម៌និងបរិយាបន្ននៅគ្រប់ភូមិសិក្សា ជាពិសេស ការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំ ព្រមទាំងដាក់ចេញនូវវិធានការលើកកម្ពស់គុណភាព និងការឆ្លើយតបសេវាអប់រំ តាមរយៈការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន ការលើកទឹកចិត្ត ការបង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេវាអប់រំ គ្រប់លំដាប់ថ្នាក់។
ដោយឡែក កិច្ចការពារកុមារនៅតាមសាលារៀន និងការអប់រំបែបវិជ្ជមាន ត្រូវបានអនុវត្ត យ៉ាងម៉ឺងម៉ាត់ ដើម្បីលុបបំបាត់អំពើហិង្សាគ្រប់ទម្រង់៕
ប្រភព ក្រសួងព័ត៍មាន