ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ចុះកិច្ចព្រមព្រៀងដើម្បីជំរុញកំណើនទេសចរណ៍កម្ពុជា

    BY Liny01 June 2, 2026
    ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ចុះកិច្ចព្រមព្រៀងដើម្បីជំរុញកំណើនទេសចរណ៍កម្ពុជា

    រាជធានីភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦៖ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) បានចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដើម្បីជំរុញកំណើនទេសចរណ៍ និងលើកកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ដោយផ្តោតសំខាន់លើប្រទេសឥណ្ឌា និងអូស្ត្រាលី។

    កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា និងឯកឧត្តម គឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្រោមអធិបតីភាព និងសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។

    ក្រោមកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នឹងវិនិយោគរួមគ្នាក្នុងទំហំទឹកប្រាក់ ១០០,០០០ ដុល្លារអាមេរិក ដើម្បីរួមគ្នារៀបចំយុទ្ធសាស្រ្តទីផ្សារ និងអនុវត្តគម្រោងផ្សព្វផ្សាយទៅទីផ្សារអន្តរជាតិ ដែលផ្តោតលើភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា និងប្រទេសអូស្ត្រាលី។ ក្នុងនោះផងដែរ សកម្មភាពដែលបានគ្រោងទុករួមមាន យុទ្ធនាការឌីជីថល ការផ្សព្វផ្សាយពាណិជ្ជកម្ម ការចូលរួមក្នុងពិព័រណ៍ទេសចរណ៍ និងការរៀបចំដំណើរទស្សនកិច្ច (FAM Trip) សម្រាប់អ្នកបង្កើតមាតិកាអន្តរជាតិ (KOLs) និងអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយមកពីប្រទេសទាំងពីរ ដើម្បីស្វែងយល់ពីសក្តានុពលតំបន់ទេសចរណ៍នៅកម្ពុជា។

    យុទ្ធនាការផ្សព្វផ្សាយរួមគ្នានេះ នឹងចាប់ផ្តើមចាប់ពីខែឧសភា ឆ្នាំ២០២៦ ដោយបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ទីក្រុងពោរពេញដោយភាពរស់រវើក តំបន់ទេសចរណ៍ធម្មជាតិ និងបទពិសោធន៍ធ្វើដំណើរដ៏ប្លែកអស្ចារ្យរបស់កម្ពុជា ដើម្បីបន្តពង្រឹងភាពលេចធ្លោនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ភ្ញៀវទេសចរអន្តរជាតិ។

    លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បានមានប្រសាសន៍ថា «ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃសមរម្យមួយក្នុងប្រទេសកម្ពុជា និងជាផ្នែកមួយនៃក្រុមហ៊ុន អ៊ែរអេស៊ា គ្រុប ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់ជូននូវមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាសក្នុងតម្លៃសមរម្យ និងងាយស្រួលសម្រាប់អ្នកដំណើរគ្រប់រូប។ ការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការសម្រេចឱ្យបានក្រោមពាក្យស្លោកថា “ប្រជាជនកម្ពុជាគ្រប់រូបអាចហោះហើរបាន” គឺជាបេសកកម្មមួយ ដែលចូលរួមចំណែកដោយផ្ទាល់ស្របតាមចក្ខុវិស័យរយៈវែងរបស់វិស័យទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។»

    លោកបានបញ្ចាក់បន្ថែមថា «ភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជានេះ គឺជាវឌ្ឍនភាពដ៏សំខាន់មួយ ក្នុងបេសកកម្មរួមគ្នារបស់យើងខ្ញុំ ដើម្បីបង្ហាញពិភពលោកពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងជម្រើសដំណើរកម្សាន្តដ៏សម្បូរបែបរបស់ព្រះរាជាណាចក្រកម្ពុជា។»

    ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា មានប្រសាសន៍ថា៖ «ភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ដូចជាក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា (AirAsia Cambodia) គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការបន្តពង្រឹងកំណើនទេសចរណ៍ និងភាពប្រកួតប្រជែងជាសកលរបស់កម្ពុជា។ ការតភ្ជាប់ផ្លូវអាកាសដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែក្នុងការបង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការលើកកម្ពស់មុខមាត់ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងមានគោលបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវភាពវិជ្ជមានរបស់កម្ពុជា និងបង្ហាញថាកម្ពុជា ជាគោលដៅទេសចរណ៍ដ៏រស់រវើក ប្រកបដោយភាពទាក់ទាញ ភាពកក់ក្តៅ និងភាពសំបូរបែប។ ក្រៅពីតំបន់បេតិកភណ្ឌដ៏ល្បីល្បាញលើសកលលោក ប្រទេសកម្ពុជាក៏ផ្តល់នូវបទពិសោធទេសចរណ៍ដ៏សំបូរបែបជាច្រើនទៀតដូចជា ទីក្រុងពោរពេញដោយភាពរស់រវើក ការស្វែងយល់ពីវប្បធម៌ទំនៀមទំលាប់ប្រពៃណីពិតប្រាកដ ទេសចរណ៍ធម្មជាតិចម្រុះ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលសាកសមនឹងទទួលបានការទទួលស្គាល់កាន់តែខ្លាំងជាសកល។»

    លោកបានបន្ថែមថា «តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអាកាសចរណ៍អន្តរជាតិដ៏រឹងមាំ ដូចជាក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា (AirAsia Cambodia) យើងអាចពង្រីកវិសាលភាពនៃការផ្សព្វផ្សាយទៅកាន់ទស្សនិកជនថ្មីៗ បង្កើនទំនុកចិត្តភ្ញៀវទេសចរ និងរួមចំណែកផ្លាស់ប្តូរទស្សនៈអវិជ្ជមាន ដោយបង្ហាញពីមុខមាត់ថ្មីរបស់កម្ពុជា៖ “ទំនើបកម្ម វឌ្ឍនភាព និងការច្នៃប្រឌិត” ទៅកាន់ពិភពលោក»។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay