មនុស្ស ១២នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ភ្លើងឆេះមណ្ឌលមើលថែមនុស្សចាស់ជរាមួយកន្លែងនៅស្រីលង្កា
ស្រីលង្កា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះផ្ទះមួយកន្លែងនៅក្នុងប្រទេសស្រីលង្កា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strati Time នៅក្នុងថ្ងៃទី៥ ខែមិថុនា។ ផ្ទះដែលជាកន្លែងកើតហេតុនេះ គឺជាផ្ទះសម្រាប់មើលថែមនុស្សចាស់ជរា និងមានទីតាំងស្ថិតនៅក្នុងក្រុង Anguruwatota ភាគខាងលិច នៃប្រទេសស្រីលង្កា។

បើតាមអាជ្ញាធរស្រីលង្កាបានបញ្ជាក់ថា ក្រោយពេលមានភ្លើងឆេះបានបន្តិចក្រុមអ្នកពន្លត់អគ្គិភ័យនៅក្នុងតំបន់បានទៅដល់កន្លែងកើតហេតុ និងបានជួយសង្គ្រោះមនុស្សចំនួន ៥១នាក់ឱ្យរួចផុតពីសេចក្តីស្លាប់ ខណៈមនុស្សចំនួន ៨នាក់បានរងរបួសធ្ងន់ហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ប្រភពខាងលើបានបន្តថា រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងពីមូលហេតុជាក់លាក់ ដែលបង្កឱ្យមានអគ្គិភ័យដ៏សន្ធោសន្ធៅនេះនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើងពីសំណាក់ប៉ូលិសជំនាញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strati Time