អ្នកដំណើរជាច្រើនត្រូវរត់ជម្លៀសខ្លួនជាបន្ទាន់ ក្រោយអគ្គិភ័យបានកើតឡើងនៅព្រលានយន្តហោះក្នុងប្រទេសនូវែលសេឡង់
នូវែលសេឡង់៖ អ្នកដំណើរជាច្រើនត្រូវរត់ជម្លៀសខ្លួនជាបន្ទាន់ក្នុងហេតុការណ៍មានភ្លើងឆេះនៅក្នុងព្រលានយន្តហោះមួយកន្លែងនៅក្នុងប្រទេសនូវែលសេឡង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៣ ខែមិថុនា។ ព្រលានយន្តហោះដែលជាកន្លែងកើតហេតុមានឈ្មោះថា Wellington មានទីតាំងស្ថិតនៅក្នុងទីក្រុង Wellington រដ្ឋធានីនៃប្រទេសនូវែលសេឡង់។

បើតាមអាជ្ញាធរនូវែលសេឡង់បានបញ្ជាក់ថា ភ្លាមៗក្រោយកើតហេតុអាជ្ញាធរបានប្រើប្រាស់រត់យន្តពន្លត់អគ្គីភ័យចំនួនប្រាំគ្រឿង រថយន្តជណ្ដើរពីរគ្រឿង និងមជ្ឈមណ្ឌលបញ្ជាមួយ (Command Centre) ដើម្បីធ្វើអន្តរាគមន៍គ្រប់គ្រងស្ថានការនិងពន្លត់អគ្គិភ័យ។ យ៉ាងណាក្តី ហេតុការណ៍អកុសលនេះមិនបានបណ្តាលឱ្យមានអ្នកដំណើរណាម្នាក់រងរបួសនោះទេ។ រហូតមកទល់នឹងពេលនេះនៅមិនទាន់មានការបញ្ជាក់អំពីមូលហេតុជាក់លាក់ ដែលបង្កឱ្យមានអគ្គិភ័យនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time