លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ទទួលជំនួសនូវ “ពានសមាជិកភាពជើងឯក (CHAMPIONS AWARD)” ដែលសហគមន៍ Olave Baden-Powell Society (OB-PS) ថ្វាយ សម្តេចព្រះមហាក្សត្រី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ទទួលជំនួសនូវ “ពានសមាជិកភាពជើងឯក (CHAMPIONS AWARD)” ដែលសហគមន៍ Olave Baden-Powell Society (OB-PS) ថ្វាយ «សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល» ព្រះប្រធានកិត្តិយសរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ចំពោះព្រះរាជហឫទ័យ និងព្រះសកម្មភាពដ៏ឧត្តុង្គឧត្តមក្នុងព្រះរាជកិច្ចសង្គម មនុស្សធម៌ ជាពិសេសព្រះរាជកិច្ចលើកកម្ពស់តម្លៃនិងសិទ្ធិស្ត្រីគ្រប់ៗរូប។

ជាសក្ខីភាពចំពោះសកម្មភាពសង្គមដ៏ថ្លៃថ្លារបស់ លោកជំទាវបណ្ឌិត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក សហគមន៍ Olave Baden-Powell Society (OB-PS) បានផ្តល់ជំនឿទុកចិត្តនិងកិត្តិយសតែងតាំង លោកជំទាវបណ្ឌិត ជា “ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា (National President of OB-PS Cambodia)” រួមជាមួយនឹង “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ (PRINCESS BENEDIKTE AWARD)” ។
ក្នុងឱកាសនោះដែរ សមាជិក-សមាជិកាថ្មី ចំនួន ៨៦រូប ក៏បានស្ម័គ្រចិត្តចូលរួមជាសមាជិកពេញសិទ្ធិរបស់សហគមន៍ OB-PS ដែលនឹងជំរុញចលនាឧបត្ថម្ភដល់សកម្មភាពរបស់ សមាគមកាយឫទ្ធិនារីពិភពលោក កាន់តែទូលំទូលាយបន្ថែមទៀត។








ប្រភព ក្រសួងព័ត៍មាន