រដ្ឋមន្រ្តីក្រសួងចំនួន៣ ចុះទស្សនកិច្ចនៅតំបន់ការពារធម្មជាតិឧទ្យានជាតិភ្នំក្រវាញ ដើម្បីពិនិត្យមើលការរៀបចំគោលដៅលំហែបៃតង
តាមការចុះផ្សាយពី ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានបញ្ជាក់ឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងចំនួន៣ គឺឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន, ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំប្រតិភូចុះទស្សនកិច្ចគោលដៅលំហែបៃតង នៃតំបន់ការពារធម្មជាតិ ឧទ្យានជាតិជួរភ្នំក្រវាញ។

ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងទាំង៣នេះ បានធ្វើឡើងកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦។បើតាមក្រសួងបរិស្ថានបានឱ្យដឹងថា ការចុះទៅទស្សនកិច្ចគោលដៅលំហែបៃតង នៃតំបន់ការពារធម្មជាតិ ឧទ្យានជាតិជួរភ្នំក្រវាញនាពេលនេះ ក្នុងគោលបំណង ដើម្បីពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធគោលដៅលំហែបៃតងនៅក្នុងខេត្តកោះកុង និងខេត្តកំពង់ស្ពឺ ពីសហគមន៍មួយទៅសហគមន៍មួយទៀត ដើម្បីរៀបចំជារបៀងគោលដៅលំហែបៃតង តភ្ជាប់តំបន់សក្ដានុពលនៅក្នុងខេត្តកោះកុង និងខេត្តកំពង់ស្ពឺ ជាពិសេសតំបន់ទាក់ទាញនានានៅក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិជួរភ្នំក្រវាញ។
ក្រសួងបរិស្ថានបានឱ្យដឹងដែរថា គម្រោងរបៀងទេសចរណ៍លំហែបៃតងពីកំពង់ស្ពឺ ទៅកោះកុង គឺជាគំនិតផ្តួចផ្តើមរបស់ ក្រសួងបរិស្ថាន ដើម្បីតភ្ជាប់តំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ចូលគ្នា។ គម្រោងនេះផ្តោតសំខាន់លើការអភិរក្សធនធានធម្មជាតិ និងផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋានក្នុងការគ្រប់គ្រង និងទទួលបានផលប្រយោជន៍សេដ្ឋកិច្ចដោយផ្ទាល់។
ប្រភពដដែលបានឱ្យដឹងបន្តទៀតថា ការពង្រឹងគោលដៅលំហែបៃតងនៅឧទ្យានជាតិជួរភ្នំក្រវាញនឹងជួយលើកកម្ពស់ជីវភាពសហគមន៍ឱ្យកាន់តែប្រសើរ និងពង្រឹងការការពារធនធានធម្មជាតិ រួមទាំងការអភិរក្សជីវចម្រុះនៅក្នុងតំបន់គោលដៅទាំងនេះផងដែរ៕



ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា