ឯកអគ្គរាជទូតកម្ពុជា ថ្លែងអំណរគុណប្រទេសប៊ុលហ្គារី ដែលគាំទ្រកម្ពុជាជាប់ជាសមាជិកគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ នេះ តាមការចុះផ្សាយពី ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប៊ុលហ្គារី ដែលបានផ្តល់ការគាំទ្រ និងទំនុកចិត្តបោះឆ្នោតជូនកម្ពុជា ឱ្យជាប់ជាសមាជិកនៃ «គណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបី» របស់អង្គការយូណេស្កូ សម្រាប់អាណត្តិឆ្នាំ២០២៦–២០៣០។

យោងតាមលិខិតថ្លែងអំណរគុណ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ការគាំទ្ររបស់ប្រទេសប៊ុលហ្គារីចំពោះកម្ពុជានាពេលនេះ មិនត្រឹមតែជាការបង្ហាញពីកិច្ចសហប្រតិបត្តិការផ្នែកការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងប្រទេសទាំងពីរ។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ បានលើកឡើងថា សម្រាប់ឯកឧត្តមផ្ទាល់ ប្រទេសប៊ុលហ្គារីមានអត្ថន័យពិសេសប្រៀបបាននឹង «មាតុភូមិទីពីរ» ដោយសារឯកឧត្តមធ្លាប់បានសិក្សាផ្នែកតន្ត្រីនៅសាកលវិទ្យាល័យតន្ត្រីជាតិ «សាស្ត្រាចារ្យ ប៉ាន់ចូ វ្លាឌីហ្គេរ៉ូវ» ក្នុងទីក្រុងសូហ្វៀ កាលពីទសវត្សរ៍ឆ្នាំ១៩៨០ ដែលជាបទពិសោធន៍ដ៏មានតម្លៃ និងបានរួមចំណែកពង្រឹងទំនាក់ទំនងផ្ទាល់រវាងឯកឧត្តម និងប្រទេសប៊ុលហ្គារី។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការជាប់ឆ្នោតរបស់កម្ពុជាជាសមាជិកគណៈកម្មាធិការដ៏សំខាន់របស់អង្គការយូណេស្កូនេះ គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវប្បធម៌រវាងកម្ពុជា និងប៊ុលហ្គារីឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពបន្ថែមទៀត។
ឯកឧត្តមបានបង្ហាញជំនឿយ៉ាងមុតមាំថា៖ «វប្បធម៌នឹងបន្តដើរតួនាទីជាស្ពានដ៏ស្រស់ស្អាត ដែលភ្ជាប់ប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ វប្បធម៌បានបង្រៀនយើងថា ទោះបីមានចម្ងាយភូមិសាស្ត្រឆ្ងាយយ៉ាងណាក៏ដោយ បេះដូងមនុស្សអាចនៅជិតគ្នាបានជានិច្ច»។
សូមបញ្ជាក់ថា ការគាំទ្ររបស់ប្រទេសប៊ុលហ្គារីចំពោះកម្ពុជាក្នុងការជាប់ជាសមាជិកនៃ «គណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបី» របស់អង្គការយូណេស្កូ សម្រាប់អាណត្តិឆ្នាំ២០២៦–២០៣០ មិនត្រឹមតែជាការទទួលស្គាល់ចំពោះតម្លៃ និងភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌កម្ពុជានៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដែលត្រូវបានកសាងឡើងដោយការគោរព និងការយោគយល់គ្នាទៅវិញទៅមករវាងកម្ពុជា និងប៊ុលហ្គារីផងដែរ៕





ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា