លោកជំទាវ ចម និម្មល៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ
នារសៀលថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក Ali Tariq ប្រធានគ្រប់គ្រងប្រចាំតំបន់នៃក្រុមហ៊ុន Unilever ប្រចាំប្រទេសស្រីលង្កា មីយ៉ាន់ម៉ា កម្ពុជា និងឡាវ និងថ្នាក់ដឹកនាំក្រុមហ៊ុន Unilever (Cambodia) Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឆ្លៀតនាឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន យូនីលឹវើ ដែលជាក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស ដែលបានផ្តល់ជំនឿទុកចិត្តមកកាន់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តវិនិយោគ និងពង្រីកអាជីវកម្មប្រតិបត្តិការធុរកិច្ចនៅកម្ពុជា អស់រយៈពេលជិត ២៣ឆ្នាំកន្លងមកនេះ ដោយផ្តល់នូវអត្ថប្រយោជន៍ និងលើកកម្ពស់សុខុមាលភាពដល់អ្នកប្រើប្រាស់ជាច្រើន តាមរយៈជម្រើសច្រើនមុខ និងទំនិញសំបូរបែបនៅលើទីផ្សារកម្ពុជា។
នាកិច្ចជំនួបនោះ លោក Ali Tariq ប្រធានគ្រប់គ្រងប្រចាំតំបន់នៃក្រុមហ៊ុន Unilever ប្រចាំប្រទេសស្រីលង្កា មីយ៉ាន់ម៉ា កម្ពុជា និងឡាវ បានជម្រាបជូនអំពីវឌ្ឍនភាព សមិទ្ធផល និងការសម្រេចនូវពិពិធកម្មប្រភពនាំចូលដើម្បីបង្កើនបរិមាណបំពេញបន្ថែមផ្គត់ផ្គង់តម្រូវការ ជាពិសេសការពង្រីកអាជីវកម្មនៅកម្ពុជា តាមរយៈការរៀបចំខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។
ប្រភពព័ត៌មានពីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថាក្នុងជំនួបនោះ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងនាមសេនាធិការរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ជាពិសេសពង្រឹងការអនុវត្ត និងអនុលោមតាមច្បាប់កម្មសិទ្ធិបញ្ញា ការពង្រឹងការប្រកួតប្រជែង និងបរិយាកាសធុរកិច្ចស្មើភាព។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា ក្រុមហ៊ុន យូនីលឹវើក នឹងបន្តពង្រីក និងធ្វើពិពិធកម្មទំនិញរបស់ខ្លួន ជាពិសេសក្នុងការផលិតមុខទំនិញមួយចំនួននៅកម្ពុជាដោយផ្ទាល់ ដើម្បីបង្កើតភាពសម្បូរបែប និងជម្រើសសម្រាប់ការប្រើប្រាស់កាន់តែច្រើនសម្រាប់អតិថិជនកម្ពុជា៕




ប្រភព ក្រសួងព័ត៍មាន