ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញបកស្រាយបំភ្លឺម្តងទៀតទាក់ទងនឹង ថៅកែក្លឹប លុច្សសារី
ទាក់ទងនឹងករណីបង្ក្រាបគ្រឿងញៀនដ៏ធំមួយទៀតនៅក្នុងទឹកដីរាជធានីភ្នំពេញ ដោយក្នុងនោះឃាត់ខ្លួនមនុស្សបានប្រមាណ៤០០នាក់ ដែលភាគច្រើនជាជនជាតិចិន និងវៀតណាម នៅក្នុងចំណុចក្លឹបកំសាន្ត Luxurious ខណ្ឌដូនពេញ។ ព័ត៌មានដ៏កក្រើកនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន មិនចាញ់ករណីបង្ក្រាបគ្រឿងញៀននៅក្លឹបកំសាន្ត រ៉ុក របស់អ្នកឧកញ៉ា គិត ធៀង នោះទេ។
មិនបានប៉ុន្មានថ្ងៃផង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សជាបន្តបន្ទាប់ ដោយរួមមាន ហួន ទូច ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ត្រូវបានចាប់ខ្លួន នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ គឺជាអង្គរក្សនៅក្លឹបលុច្សសារី និង បុរសម្នាក់ទៀតដែលត្រូវបានចាប់ខ្លួននៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ដែលមានឈ្មោះ ឡេង សុខគង់ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ គឺជាប្រធានសន្តិសុខប្រចាំមជ្ឈមណ្ឌលកំសាន្តរ៉ុក។
ដោយសារតែមានការយល់ច្រឡំពីសំណាក់មហាជន តាមរយៈការចុះផ្សារពីអ្នកសារព័ត៌មានក៏ដូចជាទំព័រ Facebook មួយចំនួនទាក់ទងទៅនឹងម្ចាស់ក្លឹប Luxurious នេះដែរ ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញបកស្រាយបំភ្លឺម្តងទៀត ដោយបានរៀបរាប់ថា៖
“សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឆ្លេីយតបទៅនឹងសារព័ត៌មានមួយដែលបានចុះផ្សាយនៅថ្ងៃនេះថា “ ចំណែកបុរសសម្បុរខ្មៅម្នាក់ដែលបានចាប់ខ្លួនមកពីស្រុកកំរៀង ខេត្តបាត់ដំបង ស្នាក់នៅបន្ទប់ជួលនោះ…..បេីជាម្ចាស់ក្លឹប ម្តេចមិនឃេីញហំហែងឡេីងកាត់ខ្សែបូពណ៌ក្រហម” ? ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមបញ្ជាក់យ៉ាងច្បាស់ជូនមហាជនអោយបានជ្រាបថា :
1. បុរសសម្បុរខ្មៅម្នាក់ដែលមានឈ្មោះ ហួន ទូច ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ត្រូវបានចាប់ខ្លួន នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ គឺជាអង្គរក្សនៅក្លឹបលុច្សសារី
2. បុរសម្នាក់ទៀតដែលត្រូវបានចាប់ខ្លួននៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ដែលមានឈ្មោះ ឡេង សុខគង់ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ គឺជាប្រធានសន្តិសុខប្រចាំមជ្ឈមណ្ឌលកំសាន្តរ៉ុក
សូមបញ្ជាក់បន្ថែមថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានឯកឧត្តម ឧត្តមសេនីយ៌ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគបាលរាជធានីភ្នំពេញ លោកបានខិតខំប្រឹងប្រែងខ្លាំងណាស់ទាំងការដឹកនាំបញ្ជា បង្ក្រាបដោយផ្ទាល់ ក៏ដូចជាបញ្ជាកម្លាំងគ្រប់ផ្នែកដែលពាក់ព័ន្ធដេីម្បីស្វែងរកចាប់មេខ្លោងមកផ្តន្ទាទោស
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការសំណូមពរដល់សារព័ត៌ទាំងឡាយដែលមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់ គ្រប់ជ្រុងជ្រោង និងពិតប្រាកដទេ សូមមេត្តាកុំផុស ដេីម្បីអោយមហាជនមានការយល់ច្រឡំ
សូមមេត្តា កុំព្រោះតែចង់អោយផេកល្បី ដេីម្បីបានLike និង Share ច្រេីន សុខចិត្តចុះផ្សាយព័ត៌មួយចំនួនទាំងខ្លួនឯងដឹងថាវាជាព័ត៌មានមិនពិត សូមអរគុណ!!!”





