មនុស្ស ៤នាក់ ត្រូវបានចោទប្រកាន់ ពីបទបាញ់ទម្លាក់យន្តហោះ MH17 របស់ម៉ាឡេស៊ី សម្លាប់មនុស្សអស់ ២៩៨នាក់ កាលពីឆ្នាំ២០១៤
ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិបាននិយាយកាលពីថ្ងៃពុធថា មនុស្ស ៤នាក់ នឹងត្រូវជាប់ការចោទប្រកាន់ពីបទមនុស្សឃាត និងបណ្តាលឱ្យយន្តហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីធ្លាក់ កាលពី ៥ ឆ្នាំមុន បន្ទាប់ពីយន្តហោះមួយនេះត្រូវបានគេបាញ់ទម្លាក់ នៅភាគខាងកើតប្រទេសអ៊ុយក្រែន និងបានសម្លាប់អ្នកដំណើរទាំងអស់ ២៩៨នាក់។ ក្រុមស៊ើបអង្កេតរួមគ្នា (JIT) បាននិយាយថា ខ្លួននឹងចេញដីកាចាប់ខ្លួនជាលក្ខណៈជាតិ និងអន្តរជាតិនៅថ្ងៃពុធនេះ សម្រាប់ជនសង្ស័យទាំង ៤ នាក់។ ជនសង្ស័យរួមមានជនជាតិរុស្ស៊ី ៣នាក់ ដែលមានឈ្មោះថា Igor Girkin, Sergey Dubinskiy និង Oleg Pulatov រួមជាមួយជនជាតិអ៊ុយក្រែនម្នាក់ឈ្មោះ Leonid Kharchenko ។

យោងតាមអ្នកស៊ើបអង្កេតបានឱ្យដឹងថា ជនសង្ស័យទី ១ ឈ្មោះ Igor Girkin ជាអតីតរដ្ឋមន្ត្រីនៃសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ជនសង្ស័យទី ២ ឈ្មោះ Sergey Dubinskiy ធ្លាប់ត្រូវបានជួលដោយទីភ្នាក់ងារចារកម្មយោធារុស្ស៊ី GRU និងទី ៣ ឈ្មោះ Oleg Pulatov ជាអតីតទាហាននៃកងកម្លាំងពិសេសរុស្ស៊ី Spetsnaz-GRU ។ ចំណែកឈ្មោះ Leonid Kharchenko ជាជនជាតិអ៊ុយក្រែនមិនមានប្រវត្តិយោធាទេ ប៉ុន្តែត្រូវបានគេជឿថា បានដឹកនាំអង្គភាពប្រយុទ្ធមួយនៅក្រុង Donetsk ក្នុងខែកក្កដា ឆ្នាំ២០១៤។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ពួកគេនឹងមិនស្នើសុំឱ្យជនសង្ស័យធ្វើបត្យាប័នទេ ពីព្រោះរដ្ឋធម្មនុញ្ញរុស្ស៊ី និងអ៊ុយក្រែនហាមឃាត់ការធ្វើបត្យាប័នជនជាតិរបស់ពួកគេ។ ពួកគេបានបន្ថែមថា ពួកគេនឹងស្នើសុំឱ្យរុស្ស៊ីសហការជាមួយការស៊ើបអង្កេត ហើយប្រទេសទាំង ២ នឹងត្រូវចោទសួរជនសង្ស័យអំពីការចោទប្រកាន់នេះ។ រដ្ឋអាជ្ញាហូឡង់លោក Fred Westerbeke បានប្រកាសថា ជនសង្ស័យទាំង ៤ ត្រូវបានចោទប្រកាន់ពីបទ «បណ្តាលឱ្យមានការធ្លាក់យន្តហោះ MH17 ដែលបណ្តាលឱ្យមនុស្សទាំងអស់ស្លាប់នៅលើយន្តហោះ … និងសម្លាប់មនុស្ស ២៩៨»៕


អត្ថបទ៖ លីដា
ប្រភព៖ BBC