ព្រឹកនេះតុលាការសម្រេចជោគវាសនា ចំប៉ីខ្មៅ ដោយឲ្យជាប់ពន្ធនាគារ១ឆ្នាំ និងពិន័យប្រាក់ ៣លានរៀល
នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ តុលាការបានប្រកាសសាលក្រម ដោយផ្តន្ទាទោស ជនជាប់ចោទឈ្មោះ យិន ហេង (ហៅ ចំប៉ីខ្មៅ) ដែលពាក់ព័ន្ធពីបទញុះញង់ឲ្យមានការរើសអើង អោយជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យប្រាក់ ៣លានរៀល តែអនុវត្តទោសនេះតែ១ឆ្នាំ។ ការប្រកាសសាលក្រមនេះ មានលោក ម៉ៅ ស៊ីណា ជាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ និងលោក គុជ គឹមឡុង ជាតំណាងអយ្យការ។
គួររម្លឹកថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទ ឈ្មោះ យិន ហេង (ហៅ ចំប៉ីខ្មៅ) នៅក្នុងខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពីជនជាប់ចោទរូបនេះបង្ហោះវីដេអូ ជេរប្រមាថពូជសាសន៍ខ្មែរ ព្រោះតែខឹងយុវជនមួយក្រុមជិះម៉ូតូទៅខោកក្បាល។ បន្ទាប់ពីសមត្ថកិច្ចបញ្ជូនទៅតុលាការ ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ ត្រូវតុលាការសម្រេចឃុំខ្លួនកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមបទចោទ ញុះញង់ឲ្យមានការរើសអើង យោងតាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ៕



ដោយៈ ណារ៉ែន