ការសិក្សាថ្មីបានបង្ហាញថា ពូជឆ្កែ Beagle មានសមត្ថភាពស៊ើបដឹងពីមហារីក បានច្បាស់ជា AI ទៅទៀត
ថ្មីៗនេះពូជឆ្កែ Beagle ចំនួន ៣ក្បាល ដែលបានទទួលហ្វឹកហាត់ពិសេស មានសមត្ថភាពអាចស៊ើបដឹងវត្តមាននៃកោសិកាមហារីកសួត (non-small-cell lung carcinoma) ដែលជាប្រភេទមហារីកដ៏សាហាវបំផុតនៅក្នុងឈាមរបស់អ្នកជំងឺ។ NSCLC ជាប្រភេទមហារីក ដែលមានរហូតដល់ទៅ ៨៥% នៅលើអ្នកជំងឺមហារីកសួតទាំងអស់។ វាក៏ជាប្រភេទជំងឺមហារីកទូទៅបំផុត ទី២ ដែលវេជ្ជបណ្ឌិតបានធ្វើរោគវិនិច្ឆ័យក្នុងចំនោមអ្នកជំងឺនៅសហរដ្ឋអាមេរិក។

ក្រុមស្រាវជ្រាវដែលដឹកនាំដោយសាស្ត្រាចារ្យ Thomas Quinn មកពីមហាវិទ្យាល័យ Lake Erie នៃវិទ្យាសាស្ត្រពេទ្យឆ្អឹង (Osteopathic Medicine) រដ្ឋ Pennsylvania របស់សហរដ្ឋអាមេរិក បានធ្វើការជាមួយពូជឆ្កែ Beagle ចំនួន ៣ក្បាល ដែលពួកគេបានហ្វឹកហាត់ពួកវា ឱ្យចេះហឺតដឹង NSCLC ពីក្នុងគំរូឈាម (plasma samples)។ ជាធម្មតាឃានវិញ្ញាណរបស់សត្វឆ្កែ គឺមានសមត្ថភាពជាងមនុស្សរហូតដល់ទៅជាង ១០,០០០ដង ស្រាប់ទៅហើយ ដែលវាបានធ្វើឱ្យការសិក្សានេះកាន់តែរលូន។
ក្រុមស្រាវជ្រាវបានបង្រៀនឱ្យពូជ Beagle ឱ្យអង្គុយចុះ នៅពេលដែលវាហឺតដឹងពីវត្តមាននៃមហារីក ឬក៏ដើរចេញនៅពេលដែលគ្មានមហារីក។ ទីបំផុតពួកគេក៏បានធ្វើតេស្តយ៉ាងជោគជ័យ ដោយក្នុងនោះពួកវាអាចស៊ើបដឹងពីជំងឺមហារីកសួតបានត្រឹមត្រូវរហូតដល់ ៩៧% ឯណោះ។ ក្រុមស្រាវជ្រាវក៏កំពុងតែបង្រៀនឱ្យពូជ Beagle ទាំងនេះ ចេះហឺតដឹងពីវត្តមាននៃជំងឺមហារីកផ្សេងៗ ដូចជាមហារីកពោះវៀនធំ និងជម្ងឺមហារីកសុដន់ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Medicaldaily