សិល្បៈ

ម៉ម ពេជ្ជរិទ្ធ ម្ចាស់បទ “ឆ្ងាយ” អស់កម្លាំងចិត្តចង់លាឈប់ពីសិល្បៈ ក្រោយបរាជ័យកិច្ចការពារស្នាដៃបទចម្រៀងរបស់ខ្លួន

BY
Khmernote Media
June 21, 2019

លោក ម៉ម ពេជ្ជរិទ្ធ ជាសមាជិកក្រុមតូច SmallWorld SmallBand ម្ចាស់បទ “ឆ្ងាយ” , “បើអាច” និង”ចង់ក្បែរ” ជាដើម បានបង្ហាញនូវអារម្មណ៍ ដោយក្តីអស់សង្ឃឹម គ្មានកម្លាំងចិត្តនឹងតែងនិពន្ធតទៅទៀត ដោយសារតែមានជនឆ្លៀតឱកាសជាច្រើនតែងតែបានយកបទចម្រៀងល្បីៗរបស់លោកជាច្រើនយកទៅបង្ហោះធ្វើអាជីវកម្មដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ រហូតដល់មានពេលមួយដែល ម៉ម ពេជ្ជរិទ្ធ ដែលជាម្ចាស់បទចម្រៀងវិះនឹងអស់ YouTube Channel របស់ខ្លួនដោយសារតែព្យាយាមហាមឃាត់ជនឆ្លៀតឱកាស។

ដោយ ម៉ម ពេជ្ជរិទ្ធ បានរៀបរាប់ថា៖ “ចម្រៀងមួយបទដែលខ្ញុំបានយកបេះដូងមកធ្វើ ត្រូវបានចែកចាយលើបណ្ដាញសង្គមដោយរប៉ាត់រប៉ាយ និងកេងចំណេញ គ្មានសណ្ដាប់ធ្នាប់ និង គ្មានការអនុញ្ញាត គ្មានភាពច្បាស់លាស់ ខ្ញុំប្រហែលជាត្រូវលាឈប់ពីអ្វីដែលខ្ញុំកំពុងធ្វើនៅថ្ងៃណាមួយឆាប់ឆាប់នេះ ដោយសារ រឿងដ៏តូចតាចមួយនេះ។ ខ្ញុំសូមអរគុណបងប្អូនចាស់ក្មេងដែលស្រលាញ់ និងលើកទឹកចិត្តលើអ្វីដែលខ្ញុំប្រឹងប្រែង គ្មាននរណាម្នាក់មានកំហុសទេ។ ខ្ញុំធ្លាប់ត្រូវបានគេព្រួតកម្ទេច Youtube Channel ដែលខ្ញុំបង្ហោះចម្រៀងរបស់ខ្ញុំម្តងរួចហើយដោយសារខ្ញុំព្យាយាមហាមឃាត់គេ ហើយខ្ញុំបានបរាជ័យកិច្ចការពារស្នារដៃខ្លួន រីឯ ការបង្ហោះចម្រៀងរបស់ខ្ញុំត្រូវបានផ្អាកដំណើរការ៦ខែ ទៅ ៩ខែ ហើយត្រូវបាន(YouTube)គំរាមលុបចោលនៅអ្វីទាំងអស់ ព្រោះការកាត់ក្តីបែបអេឡិចត្រូនិក ចោតថាខ្ញុំមិនមែនជាម្ចាស់ស្នាដៃ ។ ” You have stolen my Art for your own business benefit “៕

ដោយ៖ ណារ៉ែន

Share This Post: