ម្ចាស់ជ័យលាភីMaster Chef Khmer ប្រកាសជួយបង្ហាត់បង្រៀនជំនាញធ្វើម្ហូបដល់ លោក បូ វិចិត្រ ប្រសិនបើលោកមិនអាចច្រៀងដូចកាលពីមុន
- June 21, 2019
ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថាអតីតសមាជិកក្រុម EV BAND លោក បូ វិចិត្រ ម្ចាស់បទល្បីៗជាច្រើនដូចជាបទ “ប៊ិះស៊យ” , “ក្បត់អូនម្តេចទៅ” និង “រាល់ថ្ងៃបងស្នេហ៏ស្រី” ជាដើមបានធ្លាក់ខ្លួនដុនដាបជាខ្លាំង ដោយមានគេឃើញសភាពលោករឿយៗ ក្បែរក្លឹបកំសាន្ដ ៥៥ជិតអាហារដ្ឋានយាយម្លូរ ឈររយ៉ែឡានអោយគេ គ្មានសូម្បីទូរស័ព្ទផ្ទាល់ខ្លួន។
ខណៈដែលលោក បូ វិចិត្រ មានការជួយជំនួយពីសិល្បករ សិល្បការិនី និងសប្បុរសជននានា ក្នុងនោះក៏មានម្ចាស់ជ័យលាភី Master Chef Khmer លោក យូ ថនតារា បានប្រកាសថាប្រសិនបើលោក បូ វិចិត្រ ច្រៀងលែងបានហើយលោកនឹងជួយបង្រៀនធ្វើម្ហូបដើម្បីឲ្យបានជំនាញធ្វើម្ហូបលក់ដើម្បីប្រកបរបរចិញ្ចឹមជីវិត។
ដោយលោកយូ ថនតារា បានរៀបរាប់ថា៖ “ខ្ញុំសុំចូលរួមចំនែកជួយគាត់ បើសិនជាបងមិនអាចច្រៀងបានវិញទេ តែបងមានបំនងចង់បើកហាងលក់ម្ហូបអាហារ ខ្ញុំបាទ Chef Dara រីករាយបង្ហាត់ បង្រៀនបង និងផ្តល់រូបមន្តម្ហូបណាមួយបងចង់លក់បងអាចខលមកប្អូនបានតាមរយៈ 098 361 361 និង 099 361 361 អ្នកធ្លាប់ឆ្លងកាត់ ទើបយល់អារម្មណ៍មួយនេះ”។
ចំណែកឯលោក ចាន់ សម័យ ដែលបានធ្លាក់ខ្លួនមានជំងឺរបេងឆ្អឹងប្រចាំកាយនោះ ក៏ត្រូវបានអ្នកសិល្បៈ និងសប្បុរសជន ជួយជ្រោមជ្រែងរហូត ដឹងលឺដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភផ្ទះមួយខ្នង ធ្វើអោយជីវភាពរបស់លោកប្រែមុខមាត់ថ្មីម្តងទៀត៕





ដោយ៖ ណារ៉ែន
- Share This Post:






