ថៃធ្វើការបាញ់ថ្នាំ រថយន្តដែលចេញចូលនៅច្រកព្រំដែនទាំងអស់ ដើម្បីទប់ស្កាត់ជំងឺគ្រុនផ្តាសាយជ្រូកពីប្រទេសជិតខាង
មន្ត្រីនៅប៉ុស្តិ៍ព្រំដែនស្ពានមិត្តភាព ថៃ-ឡាវ កំពុងធ្វើការបាញ់ថ្នាំ និងឆែករថយន្តដឹកទំនិញ ដើម្បីបង្ការជំងឺគ្រុនផ្តាសាយជ្រូកអាហ្រ្វិកពីប្រទេសជិតខាង។ ក្រុមមន្រ្តីកំពុងកំណត់គោលដៅលើរយន្តដឹកទំនិញ នៅពេលដែលរថយន្តទាំងនោះត្រឡប់មកពីធ្វើការដឹកទាំងជ្រូករស់ ឬសាច់ស្រាប់ ទៅឱ្យប្រទេសជិតខាង។ ប្រធានការិយាល័យអនាម័យសត្វតំបន់ Nong Khai លោក Jongcharoen Maksuwan បាននិយាយថា មន្ត្រីបានបង្កើនការបោសសម្អាតការឆ្លងនេះ បន្ទាប់ពីមានរបាយការណ៍អំពីការផ្ទុះជំងឺគ្រុនផ្តាសាយជ្រូកអាហ្រ្វិកនៅប្រទេសឡាវ។

បន្ទាប់ពីរបាយការណ៍នេះបានផ្សាយចេញ នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វបានហាមឃាត់ការនាំចូលជ្រូក និងសាច់ជ្រូកពីប្រទេសឡាវ។ លោក Jongcharoen និយាយថា ជ្រូកមិនត្រូវបាននាំចូលតាមច្រកព្រំដែនមិត្តភាព ថៃ-ឡាវ នោះទេ ប៉ុន្តែជ្រូករស់ និងសាច់ជ្រូក ត្រូវបាននាំចេញតាមច្រកនេះ។ គាត់និយាយថា អាជ្ញាធរតម្រូវឱ្យរថយន្តដឹកទំនិញដែលត្រលប់មកពីបញ្ចូនសត្វជ្រូកទៅប្រទេសជិតខាង ត្រូវតែទៅបាញ់ថ្នាំនៅកន្លែងសម្អាតនៅឯច្រកព្រំដែន។ ក្រុមមន្រ្តីបានបង្កើនសមាមាត្រនៃថ្នាំសំលាប់មេរោគពី ១លីត្រ ក្នុងទឹក ៦០០លីត្រ រហូតដល់ ១លីត្រ ក្នុងទឹក ២០០លីត្រ សម្រាប់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងជំងឺ៕

អត្ថបទ៖ លីដា