អាមេរិកដាក់ក្រុមហ៊ុនបច្ចេកវិទ្យាចិនចំនួន ៥ បន្ថែមទៀត ចូលក្នុងបញ្ជីខ្មៅរបស់ខ្លួន
រដ្ឋាភិបាលសហរដ្ឋអាមេរិកជាថ្មីម្តងទៀត បានដាក់សម្ពាធបន្ថែមទៀតទៅលើក្រុមហ៊ុនចិន ដែលលើកនេះពួកគេនឹងធ្វើការហាមឃាត់លើឧស្សាហកម្មទំនើប (supercomputing industry) របស់ប្រទេសចិនតែម្ដង។ ដោយពេលនេះនាយកដ្ឋានពាណិជ្ជកម្មអាមេរិកបានដាក់បញ្ចូលក្រុមហ៊ុន និងស្ថាប័នកំពូលៗរបស់ចិនចំនួន ៥ ចូលក្នុងបញ្ជីខ្មៅរបស់ខ្លួនជាស្ថាពរហើយ។ ការដាក់ចូលក្នុងបញ្ជីខ្មៅរបស់អាមេរិកនេះមានន័យថា គ្រប់ក្រុមហ៊ុនរបស់អាមេរិក នឹងមិនអាចធ្វើជំនួញជាមួយពួកគេបានទេ ប្រសិនគ្មានការអនុញ្ញាតពីរដ្ឋាភិបាល ហើយខាងចិនវិញ ក៏នឹងមិនអាចទិញសមាសធាតុអេឡិចត្រូនិកពីក្រុមហ៊ុនអាមេរិកបានដែរ។

រដ្ឋាភិបាលសហរដ្ឋអាមេរិកនិយាយថា កុំព្យូទ័រខ្នាតធំទំនើបៗ (supercomputers) របស់ចិនត្រូវបានប្រើ ដើម្បីជំរុញ និងបម្រើដល់យោធាជាតិចិន ហើយអង្គភាពទាំងនោះកំពុងធ្វើសកម្មភាពផ្ទុយនឹងសន្ដិសុខជាតិអាមេរិក និងផលប្រយោជន៍នយោបាយបរទេស។ យ៉ាងណាមិញខណៈដែលសង្គ្រាមពាណិជ្ជកម្មកាន់តែអាក្រក់ទៅៗ ប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីចិន Xi Jinping ត្រូវបានគេរំពឹងថា នឹងមានជំនួប Group of 20 ជាមួយគ្នានៅឯ Osaka របស់ជប៉ុនអាទិត្យក្រោយនេះ៕

អត្ថបទ៖ លីដា