ឯកឧត្តមជុំ កុសល ឆ្ងល់ថា ចុះហាមដល់ទៅ២ដង បែរទុកបណ្តោយឲ្យសាងសង់រហូតដល់រលំ មានន័យថាទាំងសមត្ថកិច្ចជំនាញ ទាំងរដ្ឋបាលគ្រប់គ្រងដែនដីខេត្ត ខ្លាចអំណាចម្ចាស់សំណង់ឬ?
ឯកឧត្តមជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានធ្វើការបញ្ចេញមតិពាក់ព័ន្ធនឹងករណីដួលរលំអគារ កំពុងសាងសង់កំពស់៧ជាន់ ស្ថិតក្នុងក្រុមទី១៣ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ក្រោយពីឯកឧត្តមបានទទួលដំណឹងដោយអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា អគារដែលរលំបាក់សង្កត់លើមនុស្សស្លាប់ និងរងរបួសច្រើននាក់នេះ ពុំមានលិខិតច្បាប់អនុញ្ញាតឱ្យសាងសង់នោះទេ ហើយអាជ្ញាធរក៏ធ្លាប់ចុះទៅហាមឃាត់មិនឲ្យសាងសង់ចំនួន២ដងរួចមកហើយ ប៉ុន្តែម្ចាស់សំណង់ជនជាតិចិន មិនព្រមសហការ។
ដូច្នេះហើយធ្វើឲ្យ ឯកឧត្តមជុំ កុសល បានបញ្ចេញមតិយ៉ាងដូច្នេះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖ “យន្តការរដ្ឋយើងមាន ១.ស្ថាប័នសមត្ថកិច្ចជំនាញ ២. ស្ថាប័នរដ្ឋបាលគ្រប់គ្រងដែនដី។ ចុះហេតុអីបានជាស្ថាប័នទាំងពីរនេះគ្មានអំណាចហាមឃាត់ចំពោះសំណង់ខុសច្បាប់ ទុកអោយកើតរឿងគ្រោះថ្នាក់បែបនេះ? ចម្លើយមួយថា «បានចុះហាមឃាត់ពីរដងដែរ តែម្ចាស់ការដ្ឋានសំណង់មិនសហការ..» ហើយបែរជាបណ្តោយទុកអោយសាងសង់បន្តរហូតដួលរលំពេលនេះ មានន័យថាទាំងសមត្ថកិច្ចជំនាញ ទាំងរដ្ឋបាលគ្រប់គ្រងដែនដីខេត្ត ខ្លាចអំណាចម្ចាស់សំណង់ឬ? ចុះកម្មករដែលបានស្លាប់បាត់បង់ជីវិតនិងរបួស តើនរណាទទួលខុសត្រូវ?៕



ដោយ៖ ណារ៉ែន