រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីប្រកាស សម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុរលំអាគារ បណ្តាលឲ្យមនុស្សស្លាប់ និងរបួសច្រើននាក់ ហើយចំពោះជនរងគ្រោះដែលបាត់បង់ជីវិត រដ្ឋបាលខេត្តបានរៀបចំជាក្តារមឈូស និងថវិកា២លានរៀល និងទាក់ទងក្រុមគ្រួសារដឹកសពជូនទៅក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណី
រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីប្រកាសព័ត៌មាន សម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុរលំអាគារដែលមានកំពស់ ៧ ជាន់ នៅសង្កាត់លេខបួន បណ្តាលឲ្យមានមនុស្សស្លាប់និងរបួស។ ហើយនៅក្នុងសេចក្តីប្រកាស រដ្ឋបាលខេត្តបានសរសេរថា៖ ចំពោះជនរងគ្រោះដែលបាត់បង់ជីវិត រដ្ឋបាលខេត្តបានរៀបចំជាក្តារមឈូស និងថវិកា២លានរៀល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ ចូលរួមថវិកាបន្ថែម៥០ម៉ឺនរៀល ជូនគ្រួសារសពនីមួយៗ ហើយអជ្ញាធរបាន និងធ្វើការទំនាក់ទំនងគ្រសារសពដើម្បីដឹកសពទៅជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណី។ ក្នុងករណីក្រុមគ្រួសារចង់រៀបចំពិធី បុណ្យសពនៅខេត្តព្រះសីហនុ រដ្ឋបាលខេត្តនឹងរៀបចំពិធីបុណ្យសពរួមនៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
គួររំលឹកថាកម្លាំងជំនាញ បានឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៤នាក់ មានដូចជា ទី១-ឈ្មោះ ជិន គុណ CHEN KUN ភេទប្រុស ឆ្នាំកំណើត១១.១០.១៩៨០ ជនជាតិចិន ថៅកែជួលដីសម្រាប់សង់អគារ ទី២-ឈ្មោះ តឹង ស៊ីងគួយ Deng Xing Gui ភេទប្រុស ឆ្នាំកំណើត ១០.១១.១៩៧១ ជនជាតិចិន ថៅកែម៉ៅការសាងសង់អគារ ទី៣-ឈ្មោះ កៅ យូ Gao Yu ភេទប្រុស ឆ្នាំកំណើត២០.០៤.១៩៩០ ជនជាតិចិន អ្នកម៉ៅការបូកជញ្ជាំង និងទី៤-ឈ្មោះ ញឹក ហុយ ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ ត្រូវ ជាម្ចាស់ដី។ ជនទាំង៤នាក់ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្ត៕





