ចោរឆក់កាបូប និងកាំភ្លេីងរបស់មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញលើកមុន ឥលូវចាប់ខ្លួនបានហើយនៅខេត្តបាត់ដំបង
បាត់ដំបង៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលេីនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង មន្រ្តីជំនាញនៃរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមសហការជាមួយមន្រ្តីជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងនគរបាលស្រុកមោងឫស្សី បានធ្វេីការតាមប្រម៉ាញ់ចាប់ខ្លួនមុខសញ្ញា (ឆក់កាបូប) មន្រ្តីកងរាជអាវុធហត្ថនៅរាជធានីភ្នំពេញ នៅម្តុំជិតរង្វង់មូលខាំកូ យកបានអាវុធខ្លី និងប្រាក់ដុល្លារមួយចំនួនកាលពីថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០១៩ ដែលបានរត់មកលាក់ខ្លួននៅស្រុកមោងឫស្សីបានចំនួន០១នាក់ក្នុងចំណោមបក្សពួកគេផ្សេងទៀត។
ក្រោយពេលធ្វេីសកម្មភាពរួច ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកដ៏ទៃទៀតបានរត់គេចខ្លួនមកសំងំនៅចំណុចក្រុមទី០៨ ភូមិម៉ាណោក ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ឆ្លងតាមរយ:ការស្រាវជ្រាវដោយប្រេីប្រាស់គ្រប់វិធានការជំនាញ ជនសង្ស័យឈ្មោះ អោក ធារ៉ូ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅ បច្ចុប្បន្ននៅសង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួន និងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដេីម្បីស្រាវជ្រាវបន្ត ដែលក្នុងនោះអាវុធខ្លីមួយដេីមជារបស់ជនរងគ្រោះត្រូវបានរកឃេីញ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ




