រាងកាយនឹងទទួលបានអត្ថប្រយោជន៍អស្ចារ្យជាច្រើន ប្រសិនបើអ្នកចាប់ផ្ដើមទទួលទានទឹកឃ្មុំរៀងរាល់ថ្ងៃ
- March 21, 2018
អ្វីដែលអ្នកត្រូវធ្វើដើម្បីទទួលបានអត្ថប្រយោជន៍ល្អៗសម្រាប់សុខភាពរាងកាយ ក៏ដូចជាសម្រស់ដូចដែលបានរៀបរាប់លម្អិតក្នុងអត្ថបទខាងក្រោម គឺគ្រាន់តែទទួលទានទឹកឃ្មុំមួយថ្ងៃចំនួន ១ ស្លាបព្រាបាយពេញឲ្យបានជារៀងរាល់ថ្ងៃ ៖
១. ស្បែកស្រស់ស្អាត ៖ ទឹកឃ្មុំ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អពីធម្មជាតិដែលមានន័យថា ការប្រើប្រាស់ ឬទទួលទានវាជាប្រចាំថ្ងៃនឹងជួយសម្អាតជាតិពុលផ្សេងៗចេញពីរាងកាយរបស់អ្នក។ លើសពីនេះទៀត ស្បែករបស់អ្នកនឹងប្រែមានភាពប្រសើរឡើងស្រស់ស្អាត ដោយសារតែលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងនឹងពពួកបាក់តេរីមិនល្អរបស់ទឹកឃ្មុំ។

២. ស្រកទម្ងន់ ៖ ប្រសិនបើអ្នកកំពុងតែព្យាយាមសម្រកទម្ងន់ វេជ្ជបណ្ឌិតជាច្រើនបានធ្វើការណែនាំឲ្យអ្នកជៀសវាងការទទួលទានអាហារដែលមានជាតិផ្អែម ក៏ដូចជាស្ករកែច្នៃ ប៉ុន្តែមិនមែនទឹកឃ្មុំឡើយ។ វាក៏ព្រោះតែជាតិស្ករនៅក្នុងទឹកឃ្មុំ គឺមានសមាសភាពខុសជាតិស្ករដែលមាននៅក្នុងចំណីអាហារភេសជ្ជៈផ្អែមៗដទៃទៀត។ អ្វីដែលកាន់តែសំខាន់នោះ គឺទឹកឃ្មូំជួយសម្រួល និងបង្កើនល្បឿននៃការរំលាយអាហារដែលចាំបាច់សម្រាប់ការសម្រកទម្ងន់។

៣. ការគួបផ្សំរវាងទឹកឃ្មុំ និងខ្ទឹមស ៖ នៅពេលធ្វើការផ្សំបញ្ចូលគ្នារវាង ទឹកឃ្មំឆៅចំនួន ១ពែង ខ្ទឹមស ៣ ទៅ ៤ មើម វានឹងបង្កើតបានទៅជាឱសថធម្មជាតិមួយប្រភេទដែលមានប្រសិទ្ធភាពជួយបង្កើនប្រព័ន្ធភាពភាពស៊ាំនៃរាងកាយ ដើម្បីរក្សាបាននូវសុខភាពល្អ។ អ្វីដែលអ្នកត្រូវធ្វើ គឺបំបែកមើមខ្ទឹមសទៅជាកំពឹសៗ រួចបកសម្បកចេញឲ្យអស់ បន្ទាប់មកដាក់វាចូលទៅក្នុងក្រឡស្អាតមួយ រួចចាក់ទឹកឃ្មុំចូល។ ស្រង់ពពុះចេញ ប្រសិនបើចាំបាច់។ បិទគម្របក្រឡឲ្យជិត ហើយទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ ថ្ងៃ សិនសឹមយកមកទទួលទាន។ ទទួលចំនួន ១ ស្លាបព្រាពេញ ឲ្យបានម្ដងក្នុងមួយថ្ងៃ នៅពេលមិនទាន់ទទួលទានអ្វីផ្សេង។ អ្នកនឹងមានអារម្មណ៍ថាមានថាមពល និងសុខភាពល្អ មិនធ្លាប់បានជួបប្រទះពីមុនមក។

៤. បេះដូងរឹងមាំមានសុខភាពល្អ ៖ ការសិក្សាស្រាវជ្រាវបានបង្ហាញថា សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងទឹកឃ្មុំអាចការពារសរសៃឈាមក្រហមពីការរួមតូច។ ហើយប្រសិនសសៃឈាមក្រហមរួមតូចនោះវាអាចបណ្ដាលឲ្យកើតមាន ជំងឺខ្សោយបេះដូង ការចងចាំចុះខ្សោយ ឬឈឺក្បាល។ ការទទួលទានទឹកមួយកែវជាមួយនឹងទឹកឃ្មុំ ២ ទៅ ៣ ស្លាបព្រាពេញ គឺគ្រប់គ្រាន់ដើម្បីជៀសផុតពីបញ្ហាទាំងនោះ។

៥. ការចងចាំមានភាពប្រសើរឡើង ៖ ការសិក្សាស្រាវជ្រាវផ្សេងទៀតបានបង្ហាញពីសមត្ថភាពរបស់ទឹកឃ្មុំក្នុងការទប់ទល់នឹងភាពតានតឹងនៃអារម្មណ៍ ស្ដារឡើងវិញនូវប្រព័ន្ធកោសិកាការពារប្រឆាំងអុកស៊ីតកម្ម ហើយជាលទ្ធផលធ្វើអោយការចងចាំកាន់តែប្រសើរឡើង។ ក្រៅពីនេះសារធាតុកាល់ស្យូមដែលមាននៅក្នុងទឹកឃ្មុំត្រូវបានជ្រាបចូលយ៉ាងងាយស្រួលដោយខួរក្បាលដែលមានប្រសិទ្ធិភាពជះឥទ្ធិពលដល់មុខងារដំណើរការរបស់វា។

៦. គេងលក់បានស្ងប់ ៖ ជាតិស្ករដែលមាននៅក្នុងទឹកឃ្មុំបង្កើនកម្រិតអាំងស៊ុយលីននៅក្នុងឈាមដែលបន្ទាប់មកនឹងបញ្ចេញអ័រម៉ូនអារម្មណ៍ល្អ serotonin ។ អ័រម៉ូន Serotonin ត្រូវបានផ្លាស់ប្តូរទៅជាមេឡាតូនីនដែលដើរតួជាថ្នាំងងុយដេកបែបធម្មជាតិជួយឲ្យអ្នកគេងលក់បានស្ងប់។

៧. ផ្ដល់ឲ្យក្រពះ ក៏ដូចជាបំពង់រំលាយអាហារនូវសុខភាពល្អ ៖ ទឹកឃ្មុំ គឺជាថ្នាំប្រឆាំងនឹងមេរោគដ៏ខ្លាំងក្លា ដូច្នេះវាជាការប្រសើរបំផុតក្នុងការទទួលទានទឹកឃ្មុំ ១ស្លាបព្រាបាយពេញ ក្នុងខណៈពេលពោះទទេមិនទាន់ទទួលទានអ្វីផ្សេង។ ទម្លាប់ដ៏សាមញ្ញនេះក៏ជួយការពារអ្នកគេចផុតពីជំងឺផ្សេងៗជាច្រើនដែលជាប់ទាក់ទងនឹងបំពង់រំលាយអាហារ។ ក្រៅពីនេះទៅទៀត ខណៈដែលទឹកឃ្មុំឆ្លងកាត់ក្រពះ វានឹងបំផ្លាញមេរោគ ហើយព្យាបាលស្នាមរបួសតូចៗដែលមាននៅក្នុងភ្នាស។

៨. កាត់បន្ថយភាពតានតឹងនៃអារម្មណ៍ ៖ ទឹកឃ្មុំជួយសម្រួលដល់សរសៃប្រសាទ និងបំបាត់ភាពអស់កម្លាំង។ ជាតិគ្លុយកូសដែលមាននៅក្នុងទឹកឃ្មុំ គឺមានសារៈសំខាន់សម្រាប់ដំណើរការមុខងារនៃសរសៃប្រសាទ។ វាត្រូវបានស្រូបចូលទៅក្នុងឈាមយ៉ាងឆាប់រហ័សដែលជួយកាត់បន្ថយសម្ពាធនៃអារម្មណ៍ ក៏ដូចជាកាត់បន្ថយជំងឺផ្លូវចិត្តផ្សេងៗ។
៩. កាត់បន្ថយកម្រិតកូឡេស្តេរ៉ូល ៖ ជាក់ស្ដែង ទឹកឃ្មុំគ្មានផ្ទុកនូវជាតិកូឡេស្តេរ៉ូលឡើយ។ ម្យ៉ាងវិញទៀត សមាសភាគធាតុផ្សំ និងវីតាមីនដែលមាននៅក្នុងទឹកឃ្មំរួមចំណែកដល់ការកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល។ ការទទួលទានទឹកឃ្មុំជារៀងរាល់ថ្ងៃមានប្រសិទ្ធភាពលើកម្រិតនៃសមាសធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងរាងកាយដែលអាចប្រឆាំងនឹងកូឡេស្តេរ៉ុលដែលលើស៕
ប្រភព ៖ Bee
ប្រភព ៖ Brightside
- Share This Post:






