សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ចំនួន ១ម៉ឺនដុល្លារអាមេរិក ដើម្បីជួយដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តព្រះសីហនុ
ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ដល់សុខទុក្ខប្រជានុរាស្រ្ត សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ចំនួន ១ម៉ឺនដុល្លារអាមេរិក ដើម្បីជួយដល់ជនរងគ្រោះដែលទទួលរងនូវគ្រោះថ្នាក់ពីការបាក់រលំសំណង់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ តាមរយៈកាកបាទក្រហមកម្ពុជា។ នេះបើយោងតាមការបង្ហោះនៅលើហ្វេសប៊ុកផេក royal du cambodge នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ។
ប្រភពដដែលបានបន្តថា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានព្រះរាជសវនីយ៍បញ្ជាក់ ក្នុងព្រះរាជសវនាការ នាវេលាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នាព្រះរាជដំណក់សិរីមង្គល ថា៖ «ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឫទ័យរន្ធត់ និងសោកស្តាយជាទីបំផុត បន្ទាប់ពីបានទទួលនូវដំណឹងដ៏អកុសល អំពីគ្រោះថ្នាក់ នៃការបាក់រលំអាគារនៅខេត្តព្រះសីហនុ ហើយ ព្រះករុណា ព្រះមហាក្សត្រ រួមជាមួយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសូមចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ព្រមទាំងជាមួយ ប្រជានុរាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា និងសូមជូនពរដល់ជូនរងគ្រោះដែលកំពុងសម្រាកព្យាបាលទាំងអស់ឆាប់ទទួលបានការជាសះស្បើយ»។
គួរបញ្ជាក់ថាគិតមកត្រឹមវេលារសៀលថ្ងៃទី២៤ ខែមិថុនានេះ ចំនួនសរុបជនរងគ្រោះនៅក្នុងហេតុការណ៍បាក់រលំអគារកំពស់៧នាក់នៅក្រុងព្រះសីហនុ មានចំនួន៥០នាក់ក្នុងនោះស្លាប់២៦នាក់ និងរងរបួសចំនួន២៤រូប ហើយពេលនេះក្រុមជួយសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្សបន្ថែមទៀត៕




ប្រភព៖ royalducambodge
ដោយ៖ ណារ៉ែន