តុលាការសម្រេចចេញដីកា ឃុំខ្លួនជនជាតិចិន៤រូប ដែលជាប់ពាក់ព័ន្ធករណីបាក់រលំអគារកំពស់៧ជាន់
ជនជាតិចិន៤រូប ដែលជាប់ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ឧបទ្ទវហេតុបាក់រលំអគារកំពស់ ៧ ជាន់ នៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស (ជាកម្មករ) ជាច្រើននាក់។ ក្នុងនោះកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនជាតិចិនទាំង៤នាក់ជាបណ្តោះអាសន្ន។
ដោយម្ចាស់សំណង់អគារកម្ពស់៧ជាន់ដែលបាក់រលំនោះមានឈ្មោះ Cheng Kun ភេទប្រុស អាយុ៣៩ឆ្នាំ ជាជនជាតិចិន មុខរបរជាពាណិជ្ជករ ត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ “មនុស្សឃាតដោយអចេតនា បង្កឲ្យមានរបួសដោយអចេតនា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារបង្ករបួសស្នាមដល់អ្នកដទៃ” ផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២០៧ មាត្រា២៣៦ និងមាត្រា៤១៤ នៃក្រមព្រហ្មទណ្ឌ។
ចំណែក៣នាក់ទៀតមានដូចតទៅ ឈ្មោះ Deng Xin Gul ភេទប្រុស អាយុ៤៨ឆ្នាំ, ឈ្មោះ Gao Yu ភេទប្រុស អាយុ២៩ឆ្នាំ និង ឈ្មោះ Xie Ya Ping ភេទស្រី មុខរបរមើលការងារក្នុងការដ្ឋាន ដែលពួកគេទាំង៣ ត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ “សមគំនិតក្នុងអំពើមនុស្សឃាតដោយអចេតនា សមគំនិតក្នុងអំពើបង្កឲ្យមានរបួសដោយអចេតនា និងសមគំនិតក្នុងអំពើធ្វើឲ្យខូចដោយចេតនា មានស្ថានទម្ងន់ទោសដោយសារបង្ករបួសស្នាមដល់អ្នកដទៃ” ផ្តន្ទាទោសតាមបញ្ញត្តិមាត្រ២៩ មាត្រា២០៧ មាត្រា២៣៦ និងមាត្រា៤១៤ នៃក្រមព្រហ្មទណ្ឌ៕







