ចិនព្រមានមិនអនុញ្ញាត្តិឱ្យមេដឹកនាំពិភពលោក ពិភាក្សាអំពីការតវ៉ាថ្មីៗនៅហុងកុង នៅឯកិច្ចប្រជុំ G20 នោះទេ
រដ្ឋាភិបាលចិននិយាយថា ខ្លួននឹងមិនអនុញ្ញាត្តិឱ្យមេដឹកនាំពិភពលោកពិភាក្សាអំពីការតវ៉ាថ្មីៗនៅហុងកុង ក្នុងអំឡុងពេលកិច្ចប្រជុំ G20 នៅសប្តាហ៍នេះ នៅឯអូសាកាភាគខាងលិចប្រទេសជប៉ុននោះទេ។ ជំនួយការរដ្ឋមន្ត្រីការបរទេសលោក Zhang Jun បានចេញការព្រមាននេះ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ។

បន្ទាប់ពីត្រូវបានគេសួរថា តើប្រធានាធិបតីលោក Xi Jinping នឹងពិភាក្សាអំពីច្បាប់បត្យាប័នដ៏ចម្រូងចម្រាសរបស់ហុងកុងជាមួយប្រធានាធិបតីអាមេរិក ឬទេ? លោក Zhang Jun បានឆ្លើយថា បញ្ហាហុងកុងគឺជារឿងផ្ទៃក្នុងសុទ្ធសាធ ហើយថាក្រុងប៉េកាំងនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយជ្រៀតជ្រែករឿងនេះនោះទេ។ លោកបានបន្តទៀតថា កិច្ចប្រជុំកំពូល G20 គួរតែផ្តោតលើបញ្ហាសេដ្ឋកិច្ចជាសកល។
ទន្ទឹមនឹងនេះបាតុករនៅហុងកុងគ្រោងនឹងធ្វើបាតុកម្មម្ដងទៀតនៅថ្ងៃពុធ ដោយសង្ឃឹមថា នឹងទាក់ទាញចំណាប់អារម្មណ៍ពីមេដឹកនាំពិភពលោកទាំងនោះ។ មកទល់ពេលនេះគឺមានរយៈពេលជិត ៣ខែ មកហើយ ចាប់តាំងពីប្រជាជនហុងកុងបានប្រឆាំងនឹងការធ្វើបត្យាប័ន ដែលវាជាច្បាប់នឹងអនុញ្ញាតឱ្យជនល្មើសព្រហ្មទណ្ឌត្រូវបញ្ជូនខ្លួនទៅកាន់ចិនដីគោក ដើម្បីធ្វើការកាត់ទោស។ ប្រតិកម្មតបយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋហុងកុងជួនកាលបង្កឱ្យមានការប៉ះទង្គិចគ្នាដោយហិង្សាជាមួយប៉ូលីសទៀតផង ហើយវាក៏បានជំរុញឱ្យរដ្ឋាភិបាលរបស់ហុងកុងពន្យាពេលការស្នើនេះវិញ៕


អត្ថបទ៖ លីដា