គ្រាប់បែកទម្ងន់ ៥៥០ផោន សល់ពីជំនាន់សង្គ្រាមលោកលើកទី ២ បានផ្ទុះនៅឯប្រទេសអាឡឺម៉ង់ ធ្វើឲ្យក្រហូងដីយ៉ាងធំ
យោងតាមប្រភព CNN បានឱ្យដឹងថា នៅម៉ោងប្រហែលជា ៤ព្រឹក ថ្ងៃទី ២៤ ខែមិថុនា នៅតំបន់ Ahlbach ប្រទេសអាឡឺម៉ង់ អ្នកស្រុកនៅទីនោះបានឮសំឡេងនៃការផ្ទុះដ៏ខ្លាំងមួយ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ការផ្ទុះនោះត្រូវបានគេឱ្យដឹងថា បានបន្សល់នូវដីក្រហូងដ៏ធំ ហើយចំណែកកម្លាំងនៃការផ្ទុះរបស់វាវិញគឺខ្លាំងមែនទែន ដែលជិតស្មើនឹងការរញ្ជួយដីឯណោះ។
យ៉ាងណាមិញប៉ូលីសត្រូវបានគេបញ្ជូនឱ្យទៅពិនិត្យដីក្រហូងដ៏ធំមួយនោះ ដែលវាមានទទឹង ៣៣ហ្វីត និងជម្រៅ ១៣ហ្វីត ហើយពួកគេក៏បានចោទជាសំណួរថា តើវាជាគ្រាប់បែកដែលបន្សល់ពីសង្គ្រាមលោកលើកទី ២ ឬយ៉ាងណា? ជំហានដំបូងពួកគេមិនបានសន្និដ្ឋានថា ជាអ្វីឱ្យប្រាកដនោះទេ ប៉ុន្តែក្រោយការសិក្សារយៈពេលមួយថ្ងៃពេញ ទើបពួកគេអាចនិយាយបានថា វាពិតជាគ្រាប់បែកដែលបន្សល់ពីជំនាន់សង្គ្រាមលោកលើក ទី២ ពិតមែន ដែលវាមានទម្ងន់រហូតដល់ ៥៥០ផោន។
គ្រាប់បែកចាស់ៗដែលបន្សល់ពីជំនាន់សង្គ្រាម ដែលកំពុងមានសល់នៅក្នុងប្រទេសអាឡឺម៉ង់ គឺវាមិនមែនជារឿងចម្លែកនោះទេ។ ជាកស្ដែងនៅក្នុងក្រុង Berlin កាលពីខែមេសា ឆ្នាំ២០១៨ កន្លងទៅ ក៏មានគ្រាប់បែកទម្ងន់ ១,០០០ផោន ត្រូវបានរំដោះដោយក្រុមមន្ដ្រីផងដែរ។ ក្រោយមកដល់ ខែកញ្ញា ក៏មានគ្រាប់បែកមួយទៀតទម្ងន់ ៣,០០០ផោន ដែលត្រូវបានគេរកឃើញនៅ Frankfurt ហើយកាលនោះប្រជាជនជិត ៦០,០០០នាក់ ត្រូវបានជម្លៀសចេញ នៅពេលដែលក្រុមមន្ដ្រីធ្វើការរំដោះគ្រាប់។ សូម្បីតែកាលពីក្នុងខែឧសភា ប្រជាជនប្រមាណ ៥០,០០០នាក់ ត្រូវបានគេជម្លៀសចេញដែរ ដោយសារតែគ្រាប់បែកមួយត្រូវបានគេប្រទះឃើញក្នុងអំឡុងពេលដំណើរការសាងសង់មួយនៅក្រុង Hanover ៕

អត្ថបទ៖ លីដា