សូមជួយគាត់ផង! គ្រួសារជប៉ុនដែលរងគ្រោះបាត់បង់ហាងដោយសារអគាររលំលេី អំពាវនាវឲ្យមានការស្វែងរកយុត្តិធម៌ផង ព្រោះពេលនេះលោកគ្មានអ្វីសល់ក្នុងខ្លួន មានតែភាពភ័យខ្លាចតែប៉ុណ្ណោះ
ករណីឧបទ្ទវហេតុបាក់រលំអគារកំពស់ ៧ជាន់ នៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស (ជាកម្មករ) ជាច្រើននាក់។ ក្នុងនោះផងដែលការរលំអគារក៏មានការប៉ះពាល់ដល់ផ្ទះសម្បែង និងសម្ភារៈទ្រព្យសម្បត្តិដែលនៅក្បែរអគារកើតហេតុ។ ជាក់ស្តែងណាស់ភោជនីយដ្ឋានរបស់ជនជាតិជប៉ុនម្នាក់ក៏ត្រូវបានខូចខាតទាំងស្រុងដោយត្រូវអគារបាក់រលំលើ។ ជនជាតិជប៉ុនរូបនោះមានឈ្មោះ Tomotaka Ara មានភរិយានិងកូនប្រុសម្នាក់ ជាម្ចាស់ភោជនីយដ្ឋាន Kukai និងបុគ្គលិក ៦នាក់ដែលរួចផុតគ្រោះថ្នាក់បន្ទាប់ពីអគារដែលមានរបងជាប់គ្នាបានបាក់រលំសង្កត់មកលើភោជនីយដ្ឋាន។
យ៉ាងណាមិញយោងតាមការសម្ភាសន៍ជាមួយនឹងទូរទស្សន៍ក្នុងស្រុក លោក Tomotaka Ara ជាម្ចាស់ភោជនីយដ្ឋានជប៉ុន Ku Kai ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលរងផលប៉ះពាល់ខ្ទេចអស់ផ្ទះសម្បែងបាននិយាយ៖ “តែប៉ុន្មានវិនាទីអ្វីៗ ដែលជារបស់ខ្ញុំត្រូវបានបាត់បង់អស់រលីង វិះអស់ទាំងជីវិតទៀតផង”។ លោកក៏ស្នើសុំសមត្ថកិច្ចពាក់ព័ន្ធជួយរកយុត្ដិធម៌ឲ្យគាត់ផង ព្រោះពេលនេះគាត់នៅសល់តែខ្លួនទទេ ជាមួយនឹងការភ័យខ្លាចពីឧបទ្ទវហេតុនៃអាគាររលំបាក់សង្កត់នេះ។
ក្នុងនោះផងដែលលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម សំណង់ និងសុរិយោដីខេត្ដព្រះសីហនុ បានឲ្យដឹងថាផលប៉ះពាល់អ្នកជិតខាងនៃឧបទ្ទវហេតុនេះ មិនទាន់ដឹងទំហំប៉ុណ្ណាទេ ហើយបញ្ហានេះសាលាដំបូងខេត្ដព្រះសីហនុ បានឃុំខ្លួនជនជាតិចិនចំនួន ៤នាក់ ដែលជាម្ចាស់សំណង់ និងមេការម៉ៅការសំណង់។ ដំណឹងដែលហាងរបស់ជនជាតិជប៉ុនត្រូវអគារកម្ពស់៧ជាន់រលំលេីខ្ទេចអស់ធ្វើឲ្យមហាជនជាច្រើនសម្តែងក្តីអាណិតអាសូរ និងសំណូមពរឲ្យមានការផ្តល់សំណង ឬផ្តល់ជាជំនួយដល់ម្ចាស់ហាងជាជនជាតិជប៉ុនរូបនេះផង។
គួររំលឹកថាប្រតិបត្តិការរុករកជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ហើយ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ។ ជនរងគ្រោះដែលក្រុមការងារបានជួយសង្រ្គោះយកចេញពីគំនរអគារបាក់បែក មានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ ស្រី០៤នាក់ និងរងរបួសចំនួន២៦នាក់ ស្រី០២នាក់៕







ប្រភព៖ លោកគង់ ប៊ុនថា
ដោយ៖ ណារ៉ែន