បច្ចេកវិទ្យា

ការសិក្សា៖ត្រឹមឆ្នាំ ២០៣០ មនុស្សយន្តនឹងដណ្តើមការងារមនុស្សប្រមាណជា ២០ លានកន្លែង

BY
Khmernote Media
July 4, 2019

ការសិក្សាមួយបានរកឃើញថា ត្រឹមឆ្នាំ ២០៣០ ខាងមុខនេះ មនុស្សយន្តនឹងជំនួសការងារ ដែលប្រើជំនាញទាប (ការងារប្រើកម្លាំងពលកម្ម) របស់មនុស្សប្រមាណជា ២០ លាន កន្លែងនៅជុំវិញពិភពលោកទាំងមូល។ ការសិក្សាបានព្យាករណ៍ទៀតថា អ្នកធ្វើការដោយប្រើជំនាញទាបជាច្រើននាក់នឹងត្រូវបាត់បង់ការងារ ហើយវាក៏បានជំរុញឲ្យមានភានតឹងក្នុងសង្គមការងារ និងសេដ្ឋកិច្ចក្នុងចំណោមអ្នកធ្វើការងារដោយប្រើជំនាញទាបផងដែរ។ យ៉ាងណាក្តី ការសិក្សាបានបញ្ជាក់ថា និន្នាការនៃការប្រើប្រាស់មនុស្សយន្តជំនួសកម្លាំងពលកម្មមនុស្សនេះ មិនមែនកើតមានគ្រប់វិស័យស្មើៗគ្នានោះទេ ពោលគឺវិស័យមួយចំនួនដូចជាឧស្សាហកម្ម សំណង់ បច្ចេកវិទ្យា រោងចក្រនឹងមានការប្រើប្រាស់មនុស្សយន្តច្រើន ខណៈវិស័យមួយចំនួននៅតែពឹងផ្អែកលើមនុស្សច្រើនដដែល។

ការសិក្សាក៏បាន បង្ហាញដែរថា និន្នាការនៃប្រើប្រាស់មនុស្សយន្តជំនួសកម្លាំងពលកម្មនេះភាគច្រើនកើតមាននៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ធំៗ ហើយសម្រាប់នៅក្នុងប្រទេសក្រីក្រកំពុងអភិវឌ្ឍន៍វិញនឹងកើតមានតិចតួចប៉ុណ្ណោះ។ សូមបញ្ជាក់ថា ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យ Oxford ក្នុងចក្រភពអង់គ្លេស ហើយលិទ្ធផលនៃការសិក្សានេះត្រូវបានចុះផ្សាយជាសាធារណៈតាមសារព័ត៌មានសំខាន់ៗជាច្រើននៅជុំវិញពិភពលោក៕

អត្ថបទ៖ ភក្តី

Share This Post: