ថៃក្លាយជាអ្នកនាំមុខក្នុងតំបន់ជាមួយនឹងរថយន្តអគ្គិសនីដំបូងរបស់ខ្លួន ដែលមានតម្លៃ ៣៥,០០០ ដុល្លារអាមេរិក
- BY
- autoadmin
- June 27, 2019
កំពូលមហាសេដ្ឋីអគ្គីសនីលោក Somphote Ahunai កំពុងធ្វើការវិនិយោគរថយន្តអគ្គិសនីប្រភេទ Minivan ដំបូងគេបំផុតផលិតនៅប្រទេសថៃ ដែលលទ្ធផលនេះវាបានធ្វើឱ្យថៃ ក្លាយជាអ្នកនាំមុខក្នុងផលិតកម្មរថយន្តអគ្គិសនី (EV) នៅក្នុងតំបន់។ ម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីធំបំផុតទី ២ រូបនេះ បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយឈ្មោះថា Mine Mobility សម្រាប់ផលិតកម្មរថយន្តអគ្គិសនីនេះ និងបានបង្ហាញរថយន្តអេឡិចត្រូនិក Minivan ដំបូងរបស់ខ្លួន នៅឯកម្មវិធី Bangkok Motor Show ។ ក្រុមហ៊ុនបានឱ្យដឹងផងដែរថា រហូតមកទល់ពេលនេះពួកគេក៏ទទួលបានការបញ្ជាទិញជាង ៤,៥០០គ្រឿង រួចមកហើយដែរ។

រថយន្ត hatchback ៥កៅអី និងអាចបើកបានរយៈចម្ងាយ ២០០គីឡូម៉ែត្រ (សាកថ្មពេញម្ដង) មួយនេះនឹងមានតម្លៃប្រហែល ៣៨,០០០ដុល្លារអាមេរិក ដែលវាជាតម្លៃថោកជាងម៉ូដែល Kia Soul ឬ Nissan Leaf ។ តម្លៃនេះវាសមល្មម ដើម្បីបញ្ចុះបញ្ចូលក្រុមសហជីពអ្នកបើកតាក់ស៊ីចំនួន ៥ ដើម្បីធ្វើការបញ្ជាទិញរថយន្ដចំនួន ៣,៥០០ សម្រាប់ដំណើរការក្នុងទីក្រុងបាងកក ហើយក្រុមហ៊ុន Mine Mobility ក៏បានសន្យាថា នឹងផ្តល់ជូនរថយន្តទាំងនោះទៅឱ្យពួកគាត់ឱ្យបានឆាប់រហ័សបំផុត។
លោក Yossapong Laoonual ប្រធានសមាគមរថយន្តអេឡិចត្រូនិកនៅប្រទេសថៃ (EVAT) បាននិយាយថា ការបង្កើនការប្រកួតប្រជែងនៃការមកដល់របស់រថយន្តអគ្គិសនី និងតម្លៃផលិតកម្មរបស់វា នឹងធ្វើឱ្យតម្លៃរថយន្តអគ្គិសនីធ្លាក់ចុះរហូតដល់ ១,០០០,០០០ បាត ត្រឹមរយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខ។ កាលពីសប្តាហ៍មុន EVAT ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមដៃគូនៅក្នុងអាស៊ាន សមាគមរថយន្តអេឡិចត្រូនិចម៉ាឡេស៊ី សមាគមរថយន្តអេឡិចត្រូនិចនៃប្រទេសហ្វីលីពីន និងសមាគមរថយន្តអេឡិចត្រូនិចនៃប្រទេសសឹង្ហបុរី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងការអភិវឌ្ឍន៍រថយន្តអគ្គិសនីនៅអាស៊ីអាគ្នេយ៍៕








អត្ថបទ៖ លីដា
- Share This Post:






