ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្សារ 7-Eleven នៅជប៉ុននឹងចាប់ផ្ដើមប្រើផ្លាស្ទិកជីវសាស្ត្រ​ ដើម្បីកាត់បន្ថយសម្ភារៈឥន្ធនៈហ្វូស៊ីល

    BY autoadmin June 27, 2019
    ផ្សារ 7-Eleven នៅជប៉ុននឹងចាប់ផ្ដើមប្រើផ្លាស្ទិកជីវសាស្ត្រ​ ដើម្បីកាត់បន្ថយសម្ភារៈឥន្ធនៈហ្វូស៊ីល

    ក្រុមហ៊ុន Seven-Eleven Japan Co., Ltd. បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងចាប់ផ្តើមលក់ដុំបាយ Onigiri ដែលវេចខ្ចប់ដោយផ្លាស្ទិកជីវសាស្ត្រ ជំនួសឱ្យការប្រើប្រាស់ផ្លាស្ទីកមិនងាយរលាយ។ ពួកគេនឹងចាប់ផ្ដើមការលក់នេះនៅខែកក្កដា ព្រោះពួកគេមានគោលបំណងកាត់បន្ថយការប្រើប្រាស់សម្ភារៈខ្ចប់ប្រភេទឥន្ធនៈហ្វូស៊ីល (fossil-fuel-derived materials)។ ការផ្លាស់ប្តូររបស់ក្រុមហ៊ុននឹងមានឥទ្ធិពលមកលើបាយ Onigiri ចំនួន ២.២ពាន់លានដុំ ដែលត្រូវបានលក់ក្នុងមួយឆ្នាំៗ ខណៈដែលក្រុមហ៊ុនជាច្រើនកំពុងចាប់ផ្ដើមប្រើប្រាស់ផ្លាស្ទិកផលិតពីរុក្ខជាតិ ចំពេលដែលរដ្ឋាភិបាលអំពាវនាវឱ្យកាត់បន្ថយកាកសំណល់ផ្លាស្ទិក ដើម្បីទប់ស្កាត់ការបំពុលបរិយាកាស។

    ដោយការផ្លាស់ប្តូរពីសម្ភារៈខ្ចប់ប្រភេទឥន្ធនៈហ្វូស៊ីល ជាមួយនឹងផ្លាស្ទីកដែលផលិតចេញពីអំពៅ Seven-Eleven បានប៉ាន់ប្រមាណថា ពួកគេអាចកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិចបានរហូតដល់ ២៦០តោន និងកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតបានរហូតដល់ ៤០៣តោន ក្នុងមួយឆ្នាំៗ។ នៅក្នុងការផ្លាស់ប្តូរដូចគ្នានេះ ប្រតិបត្តិករឃ្លាំងហាងលក់សម្ភារទំនើប FamilyMart Co. ក៏បានផ្លាស់ប្តូរកញ្ចប់មីត្រជាក់របស់ខ្លួន (cold noodles) ជាមួយនឹងកញ្ចប់ដែលធ្វើពីផ្លាស្ទិកកែច្នៃផងដែរ។

    ចំណែកក្រុមហ៊ុន Ohsho Food Service Corp ក៏បានប្រកាសកាលពីសប្តាហ៍មុនផងដែរថា ខ្លួននឹងជំនួសបំពង់បឺតផ្លាស្ទិកជាមួយនឹងបំពង់ដែលអាចរលួយបាន ហើយស្លាបព្រាជ័រក៏នឹងប្តូរជាផ្លាស្ទិកជីវសាស្ត្រ​វិញ នៅតាមបណ្ដាភោជនីយដ្ឋានទាំង ៧២៩ របស់ខ្លួន ដែលមាននៅទូទាំងប្រទេសជប៉ុនចាប់ពីខែក្រោយតទៅ៕

    អត្ថបទ៖ លីដា

    Share This Post: