ចាប់ពីព្រឹកនេះទៅ ឯកឧត្តម គួច ចំរើន ក្លាយជាអភិបាលខេត្តព្រះសីហនុ ជាផ្លូវការហើយ
នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន ត្រូវបានប្រកាសតែងតាំងជាអភិបាលខេត្តព្រះសីហនុជាផ្លូវការហើយ។ ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលពិធីនេះបានប្រព្រឹត្តទៅនៅ សាលាខេត្តព្រះសីហនុ។
យោងតាមព្រះរាជក្រឹត្យលេខ សន រកត០៦១៩/៩១៤ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ត្រូវបានផ្ទេរភារកិច្ចឯកឧត្តមគួច ចំរើន អភិបាលខេត្តកំពង់ចាម មកកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
ចំណែកព្រះរាជក្រឹត្យលេខសន រកត ០៦១៩ /៩៤៣ ចុះថ្ងៃទី ២៧ខែមិថុនា ឆ្នាំ២០១៩ ត្រូវបានតម្លើងឋានន្តរស័ក្តិ ដល់ឧត្តមសេនីយ៍ឯក យន្ត មីន អត្តលេខ ០០០៩៥៣ ជានាយឧត្តមសេនីយ៍នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ និងតែងតែមុខតំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ។
គួរបញ្ជាក់ផងដែរថា ឯកឧត្តម គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម ត្រូវបានផ្លាស់ពីមកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ ក្រោយឯកឧត្តម យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ប្រកាសលាលែងពីដំណែង ក្រោយកើតមានករណីរលំអគារកំពស់៧ជាន់នៅក្រុងព្រះសីហនុ៕






ប្រភព៖ ស៊រ
ដោយ៖ ណារ៉ែន