ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីបំផុតលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនភីង បានយល់ព្រមគ្នាបន្តកិច្ចពិភាក្សាលើសង្គ្រាមពាណិជ្ជកម្ម

    BY autoadmin June 29, 2019
    ទីបំផុតលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនភីង បានយល់ព្រមគ្នាបន្តកិច្ចពិភាក្សាលើសង្គ្រាមពាណិជ្ជកម្ម

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជីនភីង បានព្រមព្រៀងគ្នាបន្តការចរចាររបស់ពួកគេ ដើម្បីដោះស្រាយភាពចម្រូងចម្រាសនៅក្នុងសង្គ្រាមពាណិជ្ជកម្ម។ ដោយលោក ដូណាល់ ត្រាំ បាននិយាយថា៖ «យើងបានជួបប្រជុំគ្នាយ៉ាងល្អជាមួយប្រទេសចិន ហើយខ្ញុំចង់និយាយថា វាប្រហែលជាប្រសើរជាងការរំពឹងទុក។ ការចរចានឹងនៅតែបន្ត»។ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនក៏បានបញ្ជាក់ដែរថា ការពិភាក្សារបស់មេដឹកនាំទាំង ២ មានភាពវិជ្ជមាន ហើយការចរចារនឹងនៅតែបន្តមាន។

    ក្រុងវ៉ាស៊ីនតោនបានប្រាប់ទៅក្រុងប៉េកាំងថា ខ្លួននឹងផ្អាកផែនការដើម្បីវាយប្រហារទំនិញរបស់ចិនជាមួយនឹងពន្ធបន្ថែមផ្សេងទៀត។ ក្នុងនោះលោក ស៊ី ជីនភីង ក៏បាននិយាយថា៖ «ប្រសិនបើប្រទេសយើងទាំងពីរសហការ យើងនឹងត្រលប់មកដូចដើមវិញ … ប៉ុន្តែប្រសិនបើយើងនៅតែប្រកួតប្រជែង យើងនឹងខាតបង់។ កិច្ចសហប្រតិបត្តិការ និងការសន្ទនា វាល្អជាងការមិនចុះសម្រុង និងការប្រកួតប្រជែងគ្នា។ ថ្ងៃនេះខ្ញុំចង់ពិភាក្សាជាមួយលោកប្រធានាធិបតីនូវបញ្ហាជាមូលដ្ឋាន ជុំវិញការអភិវឌ្ឍរបស់ប្រទេសយើង ខ្ញុំចង់លើកកម្ពស់ទំនាក់ទំនងរបស់យើងទៅរកភាពសុខដុម កិច្ចសហប្រតិបត្តិការ និងស្ថិរភាព»។

    ចំណែកលោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា៖ «វានឹងក្លាយជាប្រវត្តិសាស្ត្រប្រសិនបើយើងអាចធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយយុត្តិធម៌ យើងបើកចំហទាំងស្រុង ហើយខ្ញុំក៏ដឹងថាអ្នកបើកចំហទាំងស្រុង ហើយអ្នកតំណាងទាំងអស់របស់អ្នក បានធ្វើការយ៉ាងលំបាកជាមួយតំណាងសហរដ្ឋអាមេរិក ហើយខ្ញុំនឹងនិយាយថា ខ្ញុំគិតថាវាអាចជាកិច្ចប្រជុំប្រកបដោយផ្លែផ្កាមួយ ហើយយើងអាចបន្តធ្វើអ្វីដែលពិតជាអស្ចារ្យ និងអស្ចារ្យសម្រាប់ប្រទេសទាំងពីរ»។

    គួរឱ្យដឹងផងដែរថា ប៉ុន្មានថ្ងៃមុនកិច្ចប្រជុំនោះលោក ត្រាំ បានថ្លែងថា នឹងដាក់ពន្ធបន្ថែមលើការនាំចូលរបស់ចិន ដែលមានតម្លៃ ៣០០ពាន់លានដុល្លារ បើការចរចាមិនបានសម្រេចលទ្ធផលល្អ។ មេដឹកនាំទាំង ២ ត្រូវបានគេរំពឹងថា នឹងជំរុញឱ្យមានការចរចារ ដើម្បីដោះស្រាយការចោទប្រកាន់របស់ក្រុងវ៉ាស៊ីនតោនអំពីការអនុវត្តន៍ពាណិជ្ជកម្មចិន ដែលរួមមានទាំងការផ្ទេរបច្ចេកវិទ្យាដោយបង្ខំ និងការឧបត្ថម្ភធនហួសប្រមាណដល់ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ។ សហរដ្ឋអាមេរិកក៏កំពុងព្យាយាមកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសចិនផងដែរ។

    ភាពតានតឹងកាន់តែខ្លាំងក្លាចាប់តាំងពីខែមុន បន្ទាប់ពីការចរចាបានបរាជ័យដោយមិននឹកស្មានដល់ ដោយក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ទីក្រុងប៉េកាំងថា បានដើរថយក្រោយលើការសន្យាដ៏សំខាន់។ កិច្ចប្រជុំនៅថ្ងៃសៅរ៍គឺជាការជួបគ្នាជាលើកដំបូងរវាងលោក ត្រាំ និងលោក ស៊ី តាំងពីពេលនោះមក។ សម្រាប់ពេលនេះសម្ពាធហាក់ដូចជាបានថយចុះ ប៉ុន្តែអ្នកឯកទេសខ្លះនិយាយថា វាអាចត្រូវការពេលវេលាយូរសម្រាប់ប្រទេសទាំងពីរ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ហើយក្នុងពេលនេះសង្រ្គាមពាណិជ្ជកម្មអាចបន្តមានផលវិបត្តិលើសេដ្ឋកិច្ចជាសកល៕

    អត្ថបទ៖ លីដា

    Share This Post: