អាមេរិកនិយាយថា ចិនបានបាញ់សាកល្បងមីស៊ីលចូលក្នុងដែនទឹកមានជម្លោះ ដែលផ្ទុយនឹងពាក្យសច្ចាចង់រក្សាសន្ដិភាព
មន្ត្រីយោធាអាមេរិកម្នាក់បានប្រាប់ទូរទស្សន៍ NHK របស់ជប៉ុនថា ប្រទេសចិនបានសាកល្បងមីស៊ីល បាញ់ចេញពីដីគោករបស់ខ្លួនចូលទៅក្នុងដែនទឹកកំពុងមានជម្លោះនៅឯសមុទ្រចិនខាងត្បូងជាលើកដំបូងបំផុត។ មន្ត្រីរូបនេះបាននិយាយថា យោធាចិនបានបាញ់មីស៊ីល ៦គ្រាប់ ពីចិនដីគោកកាលពីថ្ងៃអាទិត្យ ហើយពួកគេបានចុះចតនៅតំបន់ពីរដាច់ដោយឡែកនៅក្នុងសមុទ្រចិនខាងត្បូង។ យ៉ាងណាមិញមន្ត្រីរូបនេះបាននិយាយថា យោធាអាមេរិកពេលនេះក៏កំពុងវិភាគអំពីប្រភេទមីស៊ីលដែលចិនបានបាញ់សាកល្បងផងដែរ។

សារព័ត៌មាន NBC News ក៏បានរាយការណ៍ថា ប្រទេសចិនបានសាកល្បងមីស៊ីលផ្លោងប្រឆាំងនាវា ដែលត្រូវបានគេជឿថា មានសមត្ថភាពប្រឆាំងយ៉ាងច្បាស់លាស់ទៅលើនាវាក្នុងសមុទ្រ។ ចំណែកអាជ្ញាធរដែនសមុទ្ររបស់ចិនបានព្រមានដល់នាវាដឹកជញ្ជូនផ្សេងៗ មិនឱ្យចូលទៅតំបន់ភាគខាងជើងនៃកោះ Spratly នៅសមុទ្រចិនខាងត្បូងនោះទេ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ដោយសារពួកគេសមយុទ្ធយោធាមួយ។
សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនប្រឆាំងជំទាស់ដាច់ខាតលើសកម្មភាពរបស់ចិន ក្នុងការធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង។ គួរឱ្យដឹងផងដែរថា សហរដ្ឋអាមេរិកជាញឹកញាប់ក៏បានបញ្ជូននាវាទៅកាន់តំបន់នានានៃសមុទ្រចិនខាងត្បូងដែលគ្រប់គ្រងដោយចិនផងដែរ ដែលត្រូវបានគេស្គាល់ថា ជាប្រតិបត្តិការ «សេរីភាពនៃការរុករក» ៕



អត្ថបទ៖ លីដា