ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្ទុះភ្នំភ្លើងដ៏ខ្លាំងមួយនៅលើកោះ Stromboli របស់អ៊ីតាលី បណ្ដាលឱ្យស្លាប់ម្នាក់ ខណៈអ្នកផ្សេងទៀតបង្ខំចិត្តហែលចូលទៅក្នុងសមុទ្រ

    BY autoadmin July 4, 2019
    ផ្ទុះភ្នំភ្លើងដ៏ខ្លាំងមួយនៅលើកោះ Stromboli របស់អ៊ីតាលី បណ្ដាលឱ្យស្លាប់ម្នាក់ ខណៈអ្នកផ្សេងទៀតបង្ខំចិត្តហែលចូលទៅក្នុងសមុទ្រ

    ភ្នំភ្លើងមួយនៅលើកោះ Stromboli នៃប្រទេសអ៊ីតាលីបានផ្ទុះឡើងកាលពីថ្ងៃពុធម្សិលមិញ ដែលមានកម្លាំងខ្លាំងដូចជាគ្រាប់បែកនុយក្លេអ៊ែរ។ ហើយវាបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងធ្វើឱ្យភ្ញៀវទេសចរជាច្រើនសម្រេចហែលចូលទៅក្នុងសមុទ្រ ដើម្បីគេចផុតពីការផ្ទុះនោះ។ ទូកនេសាទត្រូវបានគេបញ្ជូនទៅកោះនោះភ្លាមសម្រាប់ការជម្លៀសដ៏ធំមួយ ខណៈដែលការផ្ទុះបានបន្តធ្វើឱ្យពពកផេះព្រួសពេញទៅលើមេឃ។ ហើយខណៈពេលនេះអ្នកទេសចរ និងអ្នកស្រុកប្រហែល ៧០នាក់ ក៏បានភៀសខ្លួនចេញពីទីនោះហើយដែរ។

    ភ្នំភ្លើងនោះគឺជាភ្នំដែលមានសកម្មភាពបំផុតរបស់អឺរ៉ុប ហើយវានៅតែបន្តផ្ទុះឡើងចាប់តាំងពី ឆ្នាំ១៩៣២ ប៉ុន្តែការផ្ទុះ ២ លើកកាលពីថ្ងៃម្សិលមិញ គឺមានកម្លាំងខ្លាំងបំផុត។ បូជាចារ្យលោក Giovanni Longo បានថ្លែងថា៖ «វាដូចជាក្នុងឋាននរក ដោយសារកំអែភ្នំភ្លើងបានធ្លាក់ពីលើមេឃមក»។ បុរសដែលស្លាប់ក៏ត្រូវបានគេឱ្យដឹងថា ជាអ្នកឡើងភ្នំមានអាយុ ៣៥ឆ្នាំ មកពីតំបន់ Sicily។ គាត់ត្រូវបានរងគ្រោះដោយផ្ទាំងថ្មរលំលើ ខណៈដែលគាត់កំពុងឡើងភ្នំភ្លើងនេះជាមួយនឹងដៃគូជនជាតិប្រេស៊ីលរបស់គាត់។

    បុគ្គលិកសង្គ្រោះម្នាក់ឈ្មោះ Calogero Foti បាននិយាយថា៖ «ជាអកុសលបុរសម្នាក់បានស្លាប់ ហើយមានមនុស្សពីរបីនាក់បានរងរបួស ប៉ុន្តែគ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរទេ»។ ការផ្ទុះ ២ដង ដែលបានកើតឡើងនៅវេលាម៉ោង ២ និង ៤៦នាទីល្ងាច (ម៉ោងក្នុងស្រុក) ត្រូវបានគេពណ៌នាថា ជាការផ្ទុះដ៏ធំបំផុតដែលធ្លាប់បានកត់ត្រា ហើយកំអែភ្នំភ្លើងក៏ត្រូវបន្តហូរចេញមក តាមរយៈមាត់រណ្ដៅនៃភ្នំភ្លើងដែលបន្តមានសកម្មភាព៕

    អត្ថបទ៖ លីដា

    Share This Post: