សំរាមកាយចេញពីលូដឹកជាង១០ឡានធំៗហើយនៅមិនទាន់អស់ អញ្ចឹងបានភ្លៀងម្តងៗលិចផ្លូវបែបនេះ
ក្រុងព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ មន្ត្រីសាលាក្រុងនិងផ្នែកពាក់ពន្ធ័ បានប្រើគ្រឿងចក្រ ចុះស្ដារអូរ និងប្រឡាយកាយយកសំរាមកកស្ទះនៅស្ពានLVក្នុងសង្កាត់លេខ៤បន្តទៀត ដែលបានធ្វើឡើងតាំងពីថ្ងៃម្សិលមិញមិនទាន់រួចរាល់។ មន្ត្រីអះអាងថា មានសំរាមច្រើនជាង១០ឡានធំៗហើយត្រូវបានកាយយកចេញពីកន្លែងនេះ និងកំពុងបន្តកាយយកទៀតរហូតដល់អស់ ដើម្បីបើកមុខទឹកអោយហូរចុះក្រោម កាត់បន្ថយការជន់លិចនៅពេលមានភ្លៀង។
សំរាមដែលបានអណ្ដែតលើផ្ទៃទឹកដែលយើងបានឃើញដោយសារការកកស្ទះនៃលំហូរទឹក។ ការកកស្ទះលំហូរដោយសារកាកសំណល់សំរាម ថង់ប្លាស្ទិកដែលបងប្អូនយើងមួយចំនួនបានបោះចោលផ្តេសផ្តាស ហើយលទ្ធផល ចុងក្រោយគឺស្ទះលូ ស្ទះលំហូរទឹក ធ្វើឱ្យទឹកជន់។
មន្ត្រីផ្នែកប្រពន្ធ័លូ អូរ ប្រឡាយថ្លែងថាករណីជំនន់ទឹកភ្លៀងជន់លិចពេលមានភ្លៀងខ្លាំងបែបនេះ មិនមែនជាលើកទី១ទេនៅក្រុងព្រះសីហនុ ដោយសារតែទំហំអូរឬប្រឡាយរំដោះទឹកនានាបានរួមតូច តាមរយៈការសាងសង់ផ្ទះឬសំណង់ផ្សេងៗលើដីចំណីអូរ មិនមានច្បាប់អនុញ្ញាត ហើយមានសំណង់ខ្លះទៀតសាងសង់គ្មានប្រពន្ធ័លូក្រោមដីដោយចាក់ដីលុបបិទផ្លូវទឹកហូរក្នុងនោះក៏មានសំរាមរសាត់អណ្តែតបិទមាត់លូខ្លះថែមទៀតផង ទើបធ្វើអោយចរន្តទឹកហូរមិនទាន់ នាំអោយមានការជន់លិច៕






ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
ដោយ៖ ណារ៉ែន