និសិត្សបញ្ចប់ការសិក្សាពីមហាវិទ្យាល័យដ៏ល្បីម្នាក់ បែរជាមកធ្វើជាអ្នកលាងសម្អាតរថយន្តក្រុងព្រោះចង់សម្រេចក្តីស្រមៃមួយនេះ
ប្រទេសចិន ៖ ដោយគិតតាមតម្រូវការផ្សេងៗធ្វើអោយមនុស្សមួយចំនួនជ្រើសរើសមុខវិជ្ជាដែលត្រូវរៀនខុសពីអ្វីដែលខ្លួនឯងស្រលាញ់ពេញចិត្តរឺជាក្តីស្រមៃរបស់ខ្លួន។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលយុវជនចិនម្នាក់ទើបតែបញ្ចប់ការសិក្សាផ្នែកស្រាវជ្រាវនៅមហាវិទ្យាល័យដ៏ល្បីរបស់ចិន បែរជាជ្រើសរើសធ្វើជាអ្នកបើករថយន្តក្រុងទៅវិញ។ យុវជនវ័យក្មេងម្នាក់ដែលទើបតែបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Peking University ដ៏ល្បីរបស់ចិន បានប្រាប់ថាការងារនេះមិនល្អសំរាប់ជីវិតនោះទេ តែវាជាក្តីសុបិន្តរបស់គាត់។
យុវជន Changchun បានបន្តថានៅពេលដែលគេទើបបញ្ចប់ការសិក្សា គេបានឃើញរថយន្តក្រុងគេបានចាប់ផ្តើមគិតពីវា ហើយចង់បន្តក្តីស្រមៃរបស់ខ្លួនដែលមានតាំងពីយូរ។ គេបានត្រលប់មកទីក្រុង Zhengzhou ខេត្ត Henan ដើម្បីស្វែងរកការងារជាអ្នកបើករថយន្តក្រុងនេះពីក្រុមហ៊ុនរថយន្តក្រុងនៅទីនេះ។ បើទោះបីជាគេបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យដ៏ល្បីក៏ដោយ តែគេមិនមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការបើករថយន្តនេះនោះទេ។ដោយសារតែបែបនេះហើយទើបសព្វថ្ងៃគេមានតួនាទីត្រឹមតែជាសម្អាត និងលាងរថយន្តក្រុងតែប៉ុណ្ណោះ។ តែយ៉ាងមើលទៅគេហាក់ដូចជាមិនអស់សង្ឃឹមនោះទេ គេបានប្រាប់ថានៅថ្ងៃណាមួយគេនឹងមានរថយន្តក្រុងផ្ទាល់ខ្លួនមួយ វាប្រាកដជាអស្ចារ្យមិនខាន៕



អត្ថបទ ៖ Mali
ប្រភព ៖ sanook