អនុវត្តច្បាប់ដោយគ្មានការយោគយល់ ហាមហើយមិនស្តាប់នៅតែលួចសង់ ទីបំផុតត្រូវអាជ្ញាធររុះរើសំណង់លើទីតាំងតំបន់ឆ្នេរអូរត្រេះ១ ក្រុងព្រះសីហនុ
កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារនៃគណៈកម្មការឆ្នេររបស់សាលាខេត្តព្រះសីហនុ បានចុះរុះរើសំណង់ដែលធ្វើពីគ្រោងដែកនៅលើទីតាំងដីតំបន់ឆ្នេរអូរត្រេះ១ក្រុងព្រះសីហនុ បានចំនួន២កន្លែងផ្សេងពីគ្នាដែលគេបានលបលួចសាងសង់ដោយគ្មានការអនុញ្ញាតហើយធ្វើអោយប៉ះពាល់ដល់បរិស្ថាន សណ្តាប់ធ្នាប់នៃតំបន់ឆ្នេរ។
មន្ត្រីជំនាញបញ្ជាក់ថាកន្លងមកធ្លាប់បានចុះធ្វើការហាមឃាត់មិនឲ្យធ្វើការសាងសង់ទេនិងបានទុករយៈពេលអោយរុះរើចេញវិញដោយខ្លួនឯងក៏ប៉ុន្តែម្ចាស់សំណង់នៅតែលួចបន្តធ្វើការសាងសង់មិនស្តាប់តាមការណែនាំឡើយ ទើបនៅរសៀលថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០១៩ក្រុមការងារចម្រុះសម្រេចដឹកនាំកម្លាំងចុះយកគ្រឿងចក្ររុះរើចេញចេញតែម្ដង។
ឆ្នេរអូរត្រេះនេះគ្រោងនឹងរៀបចំជាឆ្នេរគំរូ មួយវិញទៀតឆ្នេរនេះគ្រោងនឹងយកជាកន្លែងធ្វើពិធីបុណ្យសមុទ្រនៅឆ្នាំក្រោយផង។ ដូច្នេះខេត្តត្រូវត្រៀមរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន សោភ័ណភាពឆ្នេរអោយបានល្អប្រសើរមិនអាចអោយសាងសង់សំណង់មិនរៀបរយផ្តេសផ្តាសថ្មីទៀតបានទេ។ នៅមាត់ឆ្នេរអាចអោយសង់ជាប្រភេទតូបស្បូវឬខ្យុះសម្រាប់ធ្វើប្រតិបត្តិការទេសចរណ៍បានស្របតាមការណែនាំពីមន្រ្តីជំនាញ។ ប្រតិបត្តិករទេសចរណ៍ទាំងអស់ត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្តដើម្បីរៀបចំឆ្នេរនេះអោយកាន់តែមានការទាក់ទាញភ្ញៀវមកកំសាន្តកាន់តែច្រើនថែមទៀតនៅថ្ងៃអនាគត៕










ប្រភព៖ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ
ដោយ៖ ណារ៉ែន