ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសក្នុងអាស៊ានប្តេជ្ញាលុបបំបាត់ចោលនូវសំណល់ផ្លាស្ទីកក្នុងសមុទ្រ

    BY autoadmin July 10, 2019
    ប្រទេសក្នុងអាស៊ានប្តេជ្ញាលុបបំបាត់ចោលនូវសំណល់ផ្លាស្ទីកក្នុងសមុទ្រ

    ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើក ទី៣៤ នាពេលថ្មីៗនេះ នៅឯទីក្រុងបាងកក ប្រទេសសមាជិកអាស៊ានចំនួន ១០ បានអនុម័ត «សេចក្តីថ្លែងការណ៍ក្រុងបាងកកស្តីពីការប្រយុទ្ធប្រឆាំងនឹងកំទេចកំទីក្នុងសមុទ្រនៅក្នុងតំបន់អាស៊ាន» ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់សំណល់ផ្លាស្ទីកពីក្នុងតំបន់។ ក្រុមមន្រ្តីអាស៊ានបានពិពណ៌នាឯកសារនេះថា ជាការបង្ហាញពីការប៉ុនប៉ងរបស់ក្រុម ដើម្បីដោះស្រាយបញ្ហាប្រកបដោយនិរន្តរភាព។ ចំណែកម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានក៏បានឱ្យដឹងថា ពួកគេបានឯកភាពផ្តោតលើបញ្ហាកម្ទេចកម្ទីសមុទ្រនេះ ដែលវាជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើសុខុមាលភាព និងអនាម័យរបស់មនុស្ស ជីវិត និងធនធានសមុទ្រ។

    យោងតាមរបាយការណ៍ ឆ្នាំ២០១៧ របស់អង្គការអភិរក្សមហាសមុទ្រតាមរយៈការចុះផ្សាយរបស់ Thai PBS បានឱ្យដឹងថា បច្ចុប្បន្នមានប្រទេសចំនួន ៤ របស់អាស៊ាន ដែលជាអ្នកបំពុលសមុទ្រជាងគេមានដូចជា៖ ឥណ្ឌូណេស៊ី ហ្វីលីពីន វៀតណាម និងថៃ ហើយប្រទេសទាំងនេះសព្វថ្ងៃក៏កំពុងព្យាយាម ទប់ស្កាត់បញ្ហាដែលកំពុងកើតមាន។ ជាក់ស្តែងប្រទេសឥណ្ឌូនេស៊ីគឺជាអ្នកផលិតកាកសំណល់ផ្លាស្ទិកធំជាងគេ ទី២ របស់ពិភពលោក បន្ទាប់ពីប្រទេសចិន ដែលមានចំនួនប្រមាណ ៣.២២លានតោន ក្នុងមួយឆ្នាំៗ។ ឆ្នេរសមុទ្របាលីរបស់ប្រទេសនេះ បានទទួលរងនូវបញ្ហាសំរាមផ្លាស្ទិកអស់ជាច្រើនឆ្នាំមកហើយ ខណៈអភិបាលក្រុងក៏បានដាក់បម្រាមលើផ្លាស្ទិកប្រភេទ single-use ដើម្បីកាត់បន្ថយបរិមាណសំណល់ឱ្យបាន ៧០% ក្នុងរយៈពេលមួយឆ្នាំ។

    ប្រទេសហ្វីលីពីនបង្កើតបានប្រមាណ ១.៨៨លានតោន នៃសំណល់ប្លាស្ទិកជារៀងរាល់ឆ្នាំ ដែលនេះវាបង្ហាញថា ប្រទេសនេះកំពុងមានបញ្ហាជាមួយសំរាមធ្ងន់ធ្ងរ។ ពួកគេក៏បានប្រគល់កុងតឺន័រដឹកសំរាមចំនួន ៦៩ ត្រឡប់ទៅប្រទេសកាណាដាវិញផងដែរ បន្ទាប់ពីជម្លោះដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះដែរប្រទេសម៉ាឡេស៊ី ដែលជាទិសដៅកែច្នៃកាកសំណល់ផ្លាស្ទីកកំពូលរបស់ពិភពលោកបន្ទាប់ពីប្រទេសចិន ក៏នឹងបញ្ជូនកាកសំណល់ដែលមិនអាចកែច្នៃឡើងវិញបានរហូតដល់ ៣,០០០តោន ត្រឡប់ទៅប្រទេសដើមវិញផងដែរ។

    បច្ចុប្បន្នប្រទេសថៃគឺជាប្រភពផ្លាស្ទីធំលំដាប់ ទី៦ លើពិភពលោក ដែលជាអ្នកបំពុលដល់មហាសមុទ្រខ្លាំងបំផុត ដោយមានចំនួន ១.០៣លានតោន ក្នុងមួយឆ្នាំៗ។ រដ្ឋាភិបាលថៃក៏បានចាត់វិធានការសកម្ម ដើម្បីគ្រប់គ្រងកាកសំណល់ផ្លាស្ទិកសម្រាប់ ឆ្នាំ ២០១៨-២០៣០ ដោយគោលបំណងគឺ ដើម្បីកាត់បន្ថយ ឬលុបបំបាត់សំណល់ ៣ប្រភេទ នៅចុងឆ្នាំនេះ។ គោលនយោបាយនេះពិតជាល្អណាស់ ប៉ុន្តែពួកគេមិនអាចធ្វើបានតែម្នាក់ឯងទេ ដូច្នេះរដ្ឋាភិបាលត្រូវការជំនួយពីវិស័យសាធារណៈ និងពីបណ្តាញព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយជាដើម៕

    អត្ថបទ៖ លីដា

    Share This Post: