ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ​ខ្យល់កខ្វក់ធ្វើឱ្យសួតចាស់ជាងធម្មតា ២ឆ្នាំ និងបង្កឱ្យមានជំងឺកាចសាហាវជាច្រើន

    BY autoadmin July 10, 2019
    ​ខ្យល់កខ្វក់ធ្វើឱ្យសួតចាស់ជាងធម្មតា ២ឆ្នាំ និងបង្កឱ្យមានជំងឺកាចសាហាវជាច្រើន

    ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវនៅចក្រភពអង់គ្លេសបានលើកឡើងអំពីផលប៉ះពាល់នៃការបំពុលបរិយាកាស ដែលបណ្ដាលឱ្យសួតរបស់យើងចាស់ជាងធម្មតា ២ឆ្នាំ និងបង្កើនហានិភ័យនៃជំងឺសួតផ្សេងៗ។ ការសិក្សានេះត្រូវបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិ «European Respiratory» ដែលបានលើកឡើងថា ការបំពុលខ្យល់ (air pollution) អាចធ្វើឱ្យមានហានិភ័យច្រើនចំពោះសុខភាព ជាងអ្វីដែលយើងធ្លាប់បានគិតពីមុន។ ការស្រាវជ្រាវថ្មីនេះត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យ Leicester និងដឹកនាំដោយសាស្ត្រាចារ្យ Anna Hansell មកពីមជ្ឈមណ្ឌលសុខភាពបរិស្ថាន និងនិរន្តភាពនៃចក្រភពអង់គ្លេស។

    យោងតាមការរកឃើញនៃការសិក្សាទៅលើមនុស្សជាង ៣០០,០០០នាក់ ប្រើប្រាស់ទិន្នន័យពី Biobank របស់ចក្រភពអង់គ្លេស បានឱ្យដឹងថា ការបំពុលនៅក្នុងផ្សែងហុយ និងការបំភាយឧស្ម័នរបស់រោងចក្រ បានជំរុញឱ្យមានការកើនឡើងនៃជំងឺ​ស្ទះ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ (chronic obstructive pulmonary disease) ។ COPD ជាជំងឺមិនអាចព្យាបាលបានទេ ដោយវាកើតឡើងនៅពេលសួតរលាក ខូចខាត និងអន់ថយ ហើយគឺជាជំងឺសួតទូទៅបំផុត។ ជំងឺ​ស្ទះ​ផ្លូវដង្ហើម​រ៉ាំរ៉ៃធ្វើឱ្យពិបាកដកដង្ហើម និងមានកត្តាសំខាន់ៗចំនួន ២ ដូចជា៖

    – រលាកទងសួតរ៉ាំរ៉ៃ (Chronic bronchitis) ដែលភ្ជាប់មកនឹងការក្អករយៈពេលយូរ និងមានទាំងស្លេសទៀតផង។
    – ស្ទះខ្យល់ក្នុងសួត (Emphysema) វាការរលាកសួតរយៈពេលយូរ ដែលយូរទៅវាបង្កឱ្យអ្នកជំងឺអភិវឌ្ឍទៅជាមិនអាចដកដង្ហើម ងាយឆ្លងមេរោគ និងសូម្បីតែក្អកក៏មានឈាម។

    ការសិក្សានេះក៏បានរកឃើញថា អ្នកដែលមានប្រាក់ចំណូលទាបមានហានិភ័យខ្ពស់ជាងអ្នកដែលមានទ្រព្យសម្បត្តិច្រើន សូម្បីតែនៅពេលដែលពួកគេធ្វើការនៅក្រោមខ្យល់កខ្វក់ដូចគ្នា។ ក្រុមអ្នកស្រាវជ្រាវក៏បានបន្ទោសវាទៅលើបញ្ហាលំនៅដ្ឋាន ការទទួលបានការថែទាំសុខភាពតិចតួច និងឥទ្ធិពលនៃការប៉ះនឹងខ្យល់កខ្វក់ពេលកុមារភាព។ ក្នុងការវិភាគធំបំផុតមួយរបស់ក្រុមសិក្សាពួកគេបានរកឃើញថា ការចេញប៉ះនឹងខ្យល់កខ្វក់ខាងក្រៅមានតណភ្ជាប់ជាមួយនឹងការអន់ថយនៃសួត និងបង្កជំងឺ​ស្ទះ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ ដោយពួកគេបានបញ្ជាក់ថា យ៉ាងតិចណាស់ក៏សួតរបស់ពួកគេចាស់ជាងធម្មតា ១ឆ្នាំ ដែរ។

    ស្រដៀងគ្នានេះដែរអ្នកស្រាវជ្រាវបានវិភាគនូវសារធាតុពុលជាច្រើនរួមមាន៖ នីត្រូហ្សែនឌីអុកស៊ីត (NO2) និងភាគល្អិតតូចៗដែលគេហៅថា PM10s និង PM2.5s ដែលត្រូវបានបញ្ចេញចេញពីផ្សែងរថយន្ត និងការបញ្ចេញចោលរបស់រោងចក្រ។ ហើយលទ្ធផលបានបង្ហាញថា ភាគល្អិតតូចៗនៅក្នុងខ្យល់មានការកើនឡើងជាមធ្យមប្រចាំឆ្នាំរហូតដល់ ៥មីក្រូក្រាម/ម៉ែត្រគូប នៃ PM2.5 ដែលវាជាមូលហេតុនៃការអន់ថយមុខងារសួត ដែលធ្វើឱ្យសួតចាស់ជាងធម្មតា ២ឆ្នាំ៕

    អត្ថបទ៖ លីដា

    Share This Post: