នាយឧត្ដមសេនីយ៍ សៅ សុខា ៖ “អ្នកប្រព្រឹត្តបទល្មើសព្រៃឈើមិនថា អ្នកតូច ឬអ្នកធំទេ ត្រូវតែបង្ក្រាបទាំងអស់”
នាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានមានប្រសាសន៍ថា ជនប្រព្រឹត្តបទល្មើសព្រៃឈើមិនថាអ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំទេ ត្រូវតែបង្ក្រាបទាំងអស់។
ដោយ នាយឧត្ដមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ៖ “លើកនេះជនល្មើសមិនថាអ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំទេ ច្បាប់ចែងច្បាស់ហើយព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ ពលរដ្ឋស្មើភាពគ្នាចំពោះមុខច្បាប់។ អោយតែរកឃើញថាទង្វើនោះជាបទល្មើស ត្រូវបង្ក្រាបទាំងមនុស្ស មធ្យោបាយប្រព្រឹត្តបទល្មើស។ មន្ត្រីអនុវត្តន៏ច្បាប់ ក្នុងគណៈកម្មការ ក៏ត្រូវពង្រឹងវិន័យ និងអនុវត្តន៏ច្បាប់ដូចគ្នា បើរកឃើញថាផ្សំគំនិត ឬពាក់ព័ន្ធ និងបទល្មើស”។ គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០១៩ សមត្ថកិច្ចកងរាជអាវុធហត្ថ បានចាប់ឃាត់ខ្លួន ឧកញ៉ា ស៊ឹង សំអុល និង បក្ខពួក ៣ នាក់ ពីបទពាក់ព័ន្ធនឹងបទល្មេីសព្រៃឈេី បញ្ជូនខ្លួនទៅសាលាដំបូងខេត្តមណ្ឌលគីរី ខណៈដែលសមត្ថកិច្ចកំពុងតែតាមចាប់ជនសង្ស័យ៤រូបទៀត ពាក់ព័ន្ធនឹងបទល្មេីសព្រៃឈេីនៅខេត្តមណ្ឌលគីរី៕





ប្រភព៖ ស៊ន សុភក្រ្ត
ដោយ៖ ណារ៉ែន