ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បរិយាកាសកន្លែងធ្វើការ និងថ្នាក់លើមិនល្អ ធ្វើឱ្យបុគ្គលិកមានហានិភ័យនៃជំងឺបេះដូង

    BY autoadmin July 15, 2019
    បរិយាកាសកន្លែងធ្វើការ និងថ្នាក់លើមិនល្អ ធ្វើឱ្យបុគ្គលិកមានហានិភ័យនៃជំងឺបេះដូង

    ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិអន្តរជាតិស្តីពីបរិស្ថាន និងសុខភាពសាធារណៈ (International Journal of Environment Research and Public Health) បានបង្ហាញថា ការមានការងារមិនល្អអាចជារឿងអាក្រក់សម្រាប់សុខភាពបេះដូងរបស់អ្នក។ វាជាការពិត ប្រសិនបើនៅការិយាល័យការងាររបស់អ្នក ខ្លួនអ្នកមិនបានផ្ដល់ភាពទុកចិត្តទៅដល់ថ្នាក់លើ (អ្នកគ្រប់គ្រង)។

    ក្រុមអ្នកស្រាវជ្រាវបានមើលទៅលើបុគ្គលិកនៅអាមេរិកចំនួន ៤០០,០០០នាក់ ហើយពួកគេបានរកឃើញថា បុគ្គលិកដែលធ្វើការទាំងមិនទុកចិត្តចៅហ្វាយនាយ ច្រើនចូលចិត្តជក់បារី និងមានសម្ពាធឈាមខ្ពស់ មានជំងឺទឹកនោមផ្អែម របបអាហារមិនល្អ ជំងឺធាត់ និងកូឡេស្តេរ៉ុលខ្ពស់។ ធ្វើការនៅក្នុងបរិយាកាសដែលមានទំនុកចិត្តគ្នាតិចតួចត្រូវបានកំណត់ថា ជាការធ្វើការងារដែលអ្នកមិនអាចទទួលបាន «ការយល់ដឹង ភាពយុត្តិធម៌ និងការគោរពគ្នាទៅវិញទៅមក រវាងអ្នកគ្រប់គ្រង និងអ្នកក្រោមបង្គាប់។

    ទាំងនេះវាមានន័យថា ប្រសិនបើអ្នកមានចៅហ្វាយដែលមិនគួរឱ្យគោរព ឬផ្ដល់ឱ្យអ្នកនូវយុត្តិធម៌នោះ អ្នកទំនងជានឹងប្រឈមនឹងកត្តាហានិភ័យនៃជំងឺសរសៃឈាមបេះដូង ដែលជាមូលហេតុទីមួយនៃការឈានទៅរកការស្លាប់នៅលើពិភពលោកនេះ។ វាមិនមែនមានន័យថា បរិយាកាសនៅកន្លែងធ្វើការគឺជាហេតុផលទាំងស្រុងដែលធ្វើឱ្យអ្នកមានសុខភាពមិនល្អនោះទេ! ការពិតទៅគឺវិធីដែលអ្នកយកមកដោះស្រាយនៅពេលដែលអ្នកមានភាពតានតឹងដូចជា៖ របបអាហារមិនល្អ និងការជក់បារីជាដើម ដែលជាមូលហេតុ។

    ភាពតានតឹងក៏មានផលប៉ះពាល់ធំធេងផងដែរ ដែលនាំឱ្យអ្នកមានសម្ពាធឈាមកើនឡើង ហើយកត្តាហានិភ័យមួយទៀត គឺជំងឺសរសៃឈាមបេះដូង។ ប្រសិនបើមិនព្យាបាលទេ ជំងឺសរសៃឈាមបេះដូងអាចនាំឱ្យមានជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងឈានដល់ការស្លាប់។ ដូច្នេះប្រសិនបើអ្នកមានចៅហ្វាយដ៏គួរឱ្យខ្លាច អ្នកគួរតែមានហេតុផលដើម្បីនិយាយវាឡើង ឬចេញពីបរិយាកាសបែបនោះទៅ។ ព្រោះបើនៅតទៀតអ្នកអាចនឹងអាយុខ្លីបាន៕

    អត្ថបទ៖ លីដា

    Share This Post: