លោក ដូណាល់ ត្រាំ និយាយថា នឹងដាក់ពន្ធបន្ថែមលើទំនិញរបស់ចិន ប្រសិនបើការចរចាពាណិជ្ជកម្មនៅតែគ្មានផ្លែផ្កា
ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា រដ្ឋបាលរបស់លោកអាចនឹងដាក់ពន្ធលើទំនិញរបស់ចិនបន្ថែមទៀត ប្រសិនបើការចរចាពាណិជ្ជកម្មរវាងភាគីទាំងពីរមិនដំណើរការ។ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមានកាលពីថ្ងៃអង្គារ លោក Trump បាននិយាយថា លោកមានមធ្យោបាយវែងឆ្ងាយជាមួយប្រទេសចិន ហើយប្រសិនបើលោកចង់ លោកអាចដាក់ពន្ធគយតម្លៃ ៣២៥ពាន់លានដុល្លារ ទៅចិនបន្ថែមទៀតបាន។

គួរំលឹកដែរថា ប្រធានាធិបតីលោក Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping បានយល់ព្រមបន្តកិច្ចចរចា នៅពេលពួកគេជួបគ្នាកាលពីខែមុននៅឯប្រទេសជប៉ុន ក្រៅកិច្ចប្រជុំ G20 ។ ប៉ុន្តែកិច្ចចរចាបានជាប់គាំងចាប់តាំងពីពេលនោះមក ដោយមន្រ្តីពាណិជ្ជកម្មរបស់មហាអំណាចទាំងពីរគ្រាន់តែនិយាយគ្នាតាមទូរស័ព្ទប៉ុណ្ណោះ។ សហរដ្ឋអាមេរិកនិយាយថា ប្រទេសចិនមិនបានរក្សាការសន្យារបស់ខ្លួន ក្នុងការទិញផលិតផលកសិកម្មអាមេរិកបន្ថែមទៀតទេ។ ហើយសេតវិមាននិយាយថា ខ្លួនជឿជាក់ថា ក្រុងប៉េកាំងនឹងធ្វើការទិញក្នុងពេលឆាប់ៗនេះ ដែលអាចជាការបោះជំហានទៅមុខសម្រាប់ការចរចា៕

អត្ថបទ៖ លីដា