ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិននិយាយថា ការគំរាមកំហែងពន្ធថ្មីរបស់សហរដ្ឋអាមេរិក បានត្រឹមតែអូសបន្លាយជម្លោះពាណិជ្ជកម្មប៉ុណ្ណោះ

    BY autoadmin July 18, 2019
    ចិននិយាយថា ការគំរាមកំហែងពន្ធថ្មីរបស់សហរដ្ឋអាមេរិក បានត្រឹមតែអូសបន្លាយជម្លោះពាណិជ្ជកម្មប៉ុណ្ណោះ

    អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានព្រមានថា ការបន្ថែមពន្ធថ្មីបន្ថែមទៀតលើទំនិញរបស់ចិនដោយសហរដ្ឋអាមេរិក បានត្រឹមតែពន្យារពេលជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរប៉ុណ្ណោះ។ លោក Geng បាននិយាយកាលពីថ្ងៃពុធភ្លាមៗ បន្ទាប់ពីអាមេរិកព្រមានពីការដាក់ពន្ធបន្ថែមថា ពន្ធគយបែបនេះនឹងក្លាយជាឧបសគ្គថ្មីមួយ ហើយក៏ពន្យាពេលកិច្ចព្រមព្រៀងផងដែរ។ លោកបានទទូចដល់សហរដ្ឋអាមេរិកឱ្យចូលរួមក្នុងការចរចា ដោយនិយាយថាភាគីទាំងពីរអាចឈានដល់គោលដៅនៃការដោះស្រាយ តាមរយៈការឈានទៅមុខមួយជំហានៗ បើទោះបីជាផ្លូវទៅកាន់គោលដៅរួមហាក់ដូចជាយូរបន្តិច។

    កាលពីថ្ងៃអង្គារលោក ដូណាល់ ត្រាំ បានស្នើដំឡើងពន្ធបន្ថែម ប្រសិនបើមានផ្លែផ្កាតិចតួចនៅក្នុងការចរចា ដោយនិយាយថា៖ «ប្រសិនបើយើងចង់ យើងនឹងមាន [ពន្ធ] ចំនួន ៣២៥ពាន់លានដុល្លារ បន្ថែមទៀតដែលយើងអាចដាក់ទៅប្រទេសចិន»។ គួរំលឹកដែរថា ប្រធានាធិបតីលោក Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping បានយល់ព្រមបន្តកិច្ចចរចា នៅពេលពួកគេជួបគ្នាកាលពីខែមុននៅឯប្រទេសជប៉ុន ក្រៅកិច្ចប្រជុំ G20 ។ ប៉ុន្តែកិច្ចចរចាបានជាប់គាំងចាប់តាំងពីពេលនោះមក ដោយមន្រ្តីពាណិជ្ជកម្មរបស់មហាអំណាចទាំងពីរគ្រាន់តែនិយាយគ្នាតាមទូរស័ព្ទប៉ុណ្ណោះ។ ទីក្រុងប៉េកាំងទំនងជាមិនមានបំណងធ្វើសម្បទានឯកតោភាគី ទោះបីវាអាចនឹងមានហានិភ័យក្នុងការពន្យារកិច្ចចរចាក៏ដោយ៕

    អត្ថបទ៖ លីដា

    Share This Post: