Vlogger ម្នាក់ប្រឈមនឹងការជាប់គុក ៤ឆ្នាំ ដោយសាររិះគន់ក្រុមហ៊ុនអាកាសចរណ៍មួយ ប៉ុន្តែខាងក្រុមហ៊ុនប្ដឹងបកវិញពីបទបរិហារកេរ្តិ៍
Vlogger ម្នាក់កំពុងប្រឈមនឹងការជាប់គុក ៤ឆ្នាំ បន្ទាប់ពីគាត់បានបង្ហោះរូបភាពម៉ឺនុយមុខម្ហូបសរសេរដោយដៃមួយ ជាមួយនឹងការនិយាយបែបចំអកទៅក្នុង Instagram របស់គាត់។ Vlogger ម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះថា Rius Vernandes គាត់បានបង្ហោះរូបភាពម៉ឺនុយមុខម្ហូបដែលសរសេរដោយដៃនោះ ដើម្បីវាយប្រហារទៅក្រុមហ៊ុនអាការសចរណ៍ Garuda Indonesia ដែលបានចេញដំណើរពីទីក្រុងស៊ីដនី។ គាត់ត្រូវបានគេឱ្យដឹងថា បានបង្ហោះរូបភាពជាមួយនឹងពាក្យភ្ជាប់ថា៖ «ម៉ឺនុយមុខម្ហូប នៅកំពុងបោះពុម្ពចេញនៅឡើយ» ។

លោក Rius Vernandes គាត់និយាយបែបនេះ គឺសំដៅដល់ម៉ឺនុយមុខម្ហូបដែលសរសេរដោយដៃនោះ ព្រោះវាមិនសមរម្យឡើយ។ ក្រោយមក ២ថ្ងៃ បន្ទាប់ពីលោក Vernandes បានបង្ហោះរូបនេះទៅដល់ Followers របស់គាត់នៅលើ Instagram ទាំង ៩០,០០០នាក់ គាត់ក៏បានបង្ហោះរូបភាពមួយទៀត ដែលជាលិខិតពីប៉ូលីសឥណ្ឌូនេស៊ីបញ្ជាក់ថា គាត់ និងគូដណ្តឹងរបស់គាត់ត្រូវបានគេប្តឹងពីបទបរិហារកេរ្តិ៍ ដោយក្រុមហ៊ុនអាកាសចរណ៍ Garuda Indonesia ។ ការពិតទៅខាងក្រុមហ៊ុនអាកាសចរណ៍ក៏បានសុំទោសលោកហើយដែរ ដោយសារតែម៉ឺនុយនោះ ដើមឡើយមិនមែនសម្រាប់ឱ្យអ្នកដំណើរមើលនោះទេ។
ប៉ុន្តែលោក Vernandes បាននិយាយថា ដោយសារតែលោកជា Vlogger លោកត្រូវតែរិះគន់ និងនិយាយអ្វីដែលជាការពិត ហើយលោកក៏មានភស្ដុតាងថា អ្នកផ្សេងទៀតនៅលើយន្តហោះក៏ទទួលបានម៉ឺនុយមុខម្ហូបសរសេរដោយដៃនេះដូចគ្នា។ យ៉ាងណាមិញលោក Rius Vernandes កំពុងស្វែងរកការគាំទ្រអំពីបញ្ហានេះ ព្រោះថាលោកមិនចង់ឃើញញការរិះគន់ក្នុងន័យស្ថាបនា ទៅជាឧក្រិដ្ឋកម្មនោះទេ។ មួយទៀតប្រសិនជាលោក Vernandes ឡើងដល់តុលាការ ហើយត្រូវបានគេរកឃើញថាមានកំហុស លោកនឹងត្រូវមានទោសជាប់គុក ៤ ឆ្នាំ៕


អត្ថបទ៖ លីដា