Instagram ផ្ដើមសាកល្បងលាក់ចំនួន Like ក្នុងប្រទេសមួយចំនួន ដើម្បីបន្ថយសម្ពាធអ្នកប្រើប្រាស់
- BY
- autoadmin
- July 19, 2019
សព្វថ្ងៃនេះអ្នកប្រើប្រាស់ Instagram ពួកគាត់នៅតែអាចមើលឃើញចំនួនមនុស្ស ដែលបានចុច Like លើការបង្ហោះរបស់គាត់នៅឡើយ។ ប៉ុន្តែនៅក្នុងកំឡុងពេលការសាកល្បងតាមបណ្ដាប្រទេសមួយចំនួន អ្នកប្រើប្រាស់នឹងឃើញតែឈ្មោះគណនី១ បូករួមនឹងពាក្យ «and others» ប៉ុណ្ណោះ ពោលគឺចំនួន Like នឹងគ្មានវត្តមានឱ្យអ្នកប្រើប្រាស់ផ្សេងទៀតបានឃើញនោះទេ ប៉ុន្តែសាមីខ្លួនដែលជាម្ចាស់នៃការបង្ហោះនៅអាចមើលចំនួននៃការ Like ដែលខ្លួនទទួលបានដដែល។

មានការព្រួយបារម្ភជាច្រើនទាក់ទិននឹងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ ដែលពួកគេគិតថា វាអាចរួមចំណែកដល់ភាពខ្វះការគោរពខ្លួនឯង (low self-esteem) និងអារម្មណ៍ដែលមិនចេះគ្រប់គ្រាន់ចំពោះមនុស្សវ័យក្មេង។ BBC បាននិយាយថា ក្រុមហ៊ុន Instagram បានចាប់ផ្តើមការសាកល្បងស្រដៀងគ្នានេះនៅក្នុងប្រទេសកាណាដា នៅក្នុងខែឧសភា ហើយការធ្វើតេស្តថ្មីនេះត្រូវបានដាក់ឱ្យដំណើរការនៅក្នុងប្រទេសអូស្ត្រាលី នូវែលសេឡង់ អៀរឡង់ អ៊ីតាលី ជប៉ុន និងប្រេស៊ីល។
អ្នកស្រី Mia Garlick នាយកហ្វេសប៊ុកអូស្ត្រាលី និងនាយកគ្រប់គ្រងគោលនយោបាយញូវហ្សេឡែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងសង្ឃឹមថា ការធ្វើតេស្តនេះនឹងបំបាត់សម្ពាធពីចំនួន Like ដែលការបង្ហោះនឹងទទួលបាន ដូច្នេះអ្នកអាចផ្តោតលើការចែករំលែកអ្វីដែលអ្នកស្រឡាញ់»៕


អត្ថបទ៖ លីដា
- Share This Post:






