អាជ្ញាធរខេត្តព្រះសីហនុ ទុកពេល១សប្តាហ៍ឲ្យអ្នករំលោភលើដីផ្លូវ ចុះរើសំណង់ខ្លួនចេញ បើមិនដូច្នោះទេ អាជ្ញាធរនឹងប្រើធម៌ក្តៅ
ដើម្បីរួមចំណែកលើការងារអភិវឌ្ឍមូលដ្ឋានឲ្យមានភាពល្អប្រសើរ និងដើម្បីជួយសម្រួលដល់ការធ្វើដំណើរចរាចរទៅមករបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពងាយស្រួលជាងមុន រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំធ្វើការស្ថាបនាផ្លូវលេខ២០០ (ផ្លូវក្រោយមន្ទីរពេទ្យបង្អែកខេត្ត ចាប់ពីចំណុចស្តុបអតីត៣៣៣រហូតដល់រង្វង់មូលតោពីរ) ឡើងវិញតាមលក្ខណៈប្លង់ប្រព័ន្ធ ដែលកន្លងមកក្រុមការងារខេត្ត-ក្រុង និងមន្ទីរសាធារណការ និងដឹកជញ្ជូនបានចុះវាស់វែងកំណត់ប្រវែងផ្លូវតាមប្លង់ប្រព័ន្ធ ដែលទំហំទទឹងពី៣០ម៉ែត្រ ទៅ៤០ម៉ែត្រ។
អាជ្ញាធរនឹងទុកពេល០៧ថ្ងៃគិតចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីឲ្យម្ចាស់សំណង់ទាំងឡាយ ដែលបានសាងសង់សំណង់ផ្សេងៗរំលោភលើដីផ្លូវកន្លងមក ឲ្យធ្វើការរុះរើសំណង់ទាំងនោះចេញ ដោយខ្លួនឯងជាកំហិត បើមិនដូច្នោះទេ រដ្ឋបាលក្រុង នឹងចាត់វិធានការចុះរុះរើសំណង់ទាំងនោះ ដោយមិនទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈឡើយ៕

អត្ថបទ៖ សេម