បើកភ្នែកមកសំរាមរាយប៉ាយទាំងព្រឹក ហូបចុកហើយគ្រាន់តែប្រមូលបោះចោល ហេតុអីក៏ពិបាកម្ល៉េះ?
បច្ចុប្បន្ននេះយើងសង្កេតឃើញបញ្ហាសំរាមនៅតែជាបញ្ហាចំបងធំមួយ ដែលត្រូវដោះស្រាយ ដោយសារតែបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែបន្តបោះចោលសំរាមពាសវាលពាសកាល ដោយមិនគិតពីសណ្តាប់ធ្នាប់ និងសោភ័ណភាពទីក្រុង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ យោងតាមការបញ្ជាក់ពីរដ្ឋបាលខណ្ឌដូនពេញបានឲ្យដឹងថា “ទោះបីជាកម្លាំងប្រជាការពារខណ្ឌដូនពេញ ខិតខំ បាញ់លាងសម្អាតជាប្រចាំក្តី ក៏នៅតែមានបងប្អូនប្រជាពលរដ្ឋ មួយចំនួនតូច ដែលអញ្ជើញមកលេងកម្សាន្តនៅលើសួនច្បារវត្តបុទុម នេះបរិភោគអាហាររួច បន្សល់ទុកកាកសំណល់អាហារនៅលើការ៉ូឡា និងសួនច្បារដដែល ។
រដ្ឋបាលខណ្ឌដូនពេញ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែល អញ្ជើញមកលេងកម្សាន្ត សូមមេត្តាចោលសំរាម ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវដើម្បីសោភ័ណភាពអនាម័យស្អាតល្អ នៅក្នុងទីក្រុងយើងទាំងអស់គ្នា ។ សូមបញ្ជាក់ថា: រូបភាពនេះកើតឡើងនៅចន្លោះចាប់ពីម៉ោង ៣:០០នាទី ដល់ម៉ោង ៤:០០ នាទី យប់ ថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០១៩ ។”៕

អត្ថបទ៖ សេម
រូបភាព៖ រដ្ឋបាលខណ្ឌដូនពេញ


