ចិនកំពុងត្រៀមខ្លួនទិញផលិតផលកសិកម្មរបស់អាមេរិក តាមការសន្យាក្នុងកិច្ចចរចារពាណិជ្ជកម្ម
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិននិយាយថា ក្រុមហ៊ុនចិនកំពុងរៀបចំទិញទំនិញថ្មីៗរបស់អាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយរួមទាំងទូរទស្សន៍មជ្ឈិមចិនបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ពាណិជ្ជករចិនបានធ្វើការស៊ើបសួរដំណឹងជាមួយក្រុមហ៊ុននាំចេញអាមេរិក លើតម្លៃផលិតផលកសិកម្មតាមតម្រូវការនៅក្នុងប្រទេសចិន។ គួរឱ្យដឹងផងដែរថា ការរៀបចំទិញផលិតផលកសិកម្មរបស់អាមេិក គឺដោយសារប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជីនភីង បានព្រមព្រៀងគ្នាលើការចរចារនេះ នៅឯជំនួបកំពូលរបស់ពួកគេក្រៅកិច្ចប្រជុំ G20 កាលពីខែមុន ដើម្បីបន្តកិច្ចចរចាពាណិជ្ជកម្ម។

ចំណែកក្រុងវ៉ាស៊ីនតោនក៏បានយល់ព្រមព្យួរផែនការរបស់ខ្លួន ដែលថាចង់ដាក់ពន្ធបន្ថែមទៅលើទំនិញរបស់ចិន។ លោក ត្រាំ ក៏បានកត់សម្គាល់នៅពេលនោះថា ប្រទេសចិនបានសន្យានឹងទិញផលិតផលកសិកម្មអាមេរិកបន្ថែមទៀត។ ប៉ុន្តែលោកបានបង្ហើបកាលពីដើមខែនេះថា រដ្ឋបាលរបស់លោកអាចដាក់ការយកពន្ធបន្ថែមពីលើពន្ធចាស់បាន ដោយសារប្រទេសចិនមិនបានធ្វើតាមការសន្យារបស់ខ្លួន។ យ៉ាងណាមិញបណ្តាញផ្សាយព័ត៌មានចិនបាននិយាយថា នាយកដ្ឋានចិនមានក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងជួបជាមួយចិនពាក់កណ្តាល ហើយអនុវត្តដោយស្មោះត្រង់នូវអ្វីដែលខ្លួនបានសន្យា៕

អត្ថបទ៖ លីដា