ដូចក្នុងរឿងហុងកុង ប៉ូលីសដេញចាប់មុខសញ្ញាចែកចាយគ្រឿងញៀន ធ្វើឲ្យជនសង្ស័យដកកាំភ្លើងបាញ់ចំនួន៣គ្រាប់ផ្អើលពេញដងផ្លូវ
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយមានករណីសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន បានជិះម៉ូតូដេញតាមចាប់ជនសង្ស័យម្នាក់ជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏ធំ បង្កឲ្យមានការផ្ទុះអាវុធដល់ទៅ៣គ្រាប់ (មិនមានមនុស្សរងរបួស ឬប៉ះពាល់ដល់អាយុជីវិត)។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅក្បែរស្ថានទូតចិន ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមវីដេអូបានបង្ហាញថាជនសង្ស័យបានព្យាយាមជិះរត់គេចពីការបង្ក្រាប រហូតជិះប៉ះជាមួយនឹងម៉ូតូប្រជាពលរដ្ឋកំពុងធ្វើដំណើរបណ្តាលឲ្យដួល រួចជនសង្ស័យបានលើកម៉ូតូជិះបន្តហើយក៏លើកកាំភ្លើងមកបាញ់លើសមត្ថកិច្ចដែលកំពុងជិះតាមចាប់តែមិនត្រូវ ជនសង្ស័យក៏ទៅភ្ជង់អ្នករត់ម៉ូតូឌុបម្នាក់ រួចបាញ់សម្ដៅជើងមួយគ្រាប់តែក៏ត្រូវចាប់បានភ្លាមៗនៅនឹងកន្លែង។ ក្រោយពីការបង្ក្រាបសមត្ថកិច្ចបានដកហូតវត្ថុតាងពីជនសង្ស័យរួមមាន កាំភ្លើង K59 មួយដើម ម៉ូតូមួយគ្រឿង និងថ្នាំញៀន៣កញ្ចប់ ។ គួររំលឹកថាមុននឹងធ្វើសកម្មភាពបង្ក្រាបមុខសញ្ញាគ្រឿងញៀននេះ កម្លាំងជំនាញបានតាមដានអស់រយៈពេល១អាទិត្យមកហើយ៕ ប្រភព៖ លោក ស៊ន សុភក្រ្ត



